មេធំធនាគារធំបំផុតអាមេរិកថា អតិផរណាស៊ីទ្រព្យសម្បត្តិអស់ច្រើន នឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ទៅក្នុងវិបត្តិ
Toeuy HongDECEMBER 7 20221.1 K views

លោក Jamie Dimon ប្រធានធនាគារ JPMorgan Chase ដែលជាធនាគារធំបំផុតរបស់សហរដ្ឋអាមេរិកបានព្រមានពីបញ្ហាដែលកើតមាននៅឆ្នាំ២០២៣ខាងមុខ ដោយលោកលើកឡើងថាអតិផរណានឹងធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ខាងមុខ នេះបើយើងតាមការចុះផ្សាយរបស់ CNBC។

ប្រធានធនាគាររូបនេះបានលើកឡើងថាបច្ចុប្បន្នទាំងប្រជាជននិងក្រុមហ៊ុនគឺស្ថិតក្នុងភាពល្អប្រសើរ ប៉ុន្ដែភាពល្អប្រសើរនេះមិនអាចនៅបានយូរនោះទេ។ លោកបានបន្តទៀតថាវិបត្តិអតិផរណាគឺបានបំផ្លាញអ្វីគ្រប់យ៉ាង ហើយកញ្ចប់លុយ១.៥ពាន់ពាន់លានដុល្លារដែលជាលុយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់អាមេរិកនឹងអស់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣។

លោកបានបន្ថែមទៀតថា បើយើងមើលទៅមុខ បញ្ហាអតិផរណាគឺស្ថិតក្នុងសភាពមិនច្បាស់នោះទេថាតើវាបង្កនឹងវិបត្តិស្រាលឬធ្ងន់ធ្ងរ ប៉ុន្ដែវានឹងធ្វើឲ្យប្រជាជនមានការព្រួយបារម្ភ។

 តាមពិតទៅនេះមិនមែនជាលើកទីមួយទេដែលលោក Jamie Dimon និយាយពីវិបត្តិដែលអាចកើតមាន។ កាលខែមិថុនាឆ្នាំ២០២២នេះ លោកបានបង្ហើបថាធនាគារ JPMorgan Chase បានត្រៀមខ្លួនដើម្បីការពារនូវវិបត្តិដែលអាចកើតឡើងខណៈ ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកចាប់ផ្ដើមដំឡើងការប្រាក់ ហើយសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែននៅតែអូសបន្លាយ។

គួរបញ្ជាក់ផងដែរមកទាល់ពេលនេះ មានធនាគារកណ្ដាលប្រមាណជា៤៥ហើយដែលបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងការកើនឡើងនៃអតិផរណា ហើយមានក្រុមហ៊ុនលំដាប់កំពូលលើពិភពលោកប្រមាណជា១០ក្រុមហ៊ុន បានសម្រេចកាត់បុគ្គលិកដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia