សេដ្ឋកិច្ចឡើងចុះៗ! តើអតិផរណា របស់បណ្ដាប្រទេសអាស៊ានទាំង១០ ប្រែប្រួលដល់ណាហើយ?
SOKLY SOJANUARY 4 2023739 views

មួយរយៈពេលចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចសកលតែងតែប្រែប្រួល ឡើងចុះៗមិនស្ថិតស្ថេរ។ គិតត្រឹមចុងឆ្នាំ២០២២ គេឃើញមាន ក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក បានសម្រេចចិត្តកាត់បន្ថយបុគ្គលិកផង កាត់សាខាផង ហើយមានខ្លះទៀតដល់ថ្នាក់ដាក់ពាក់សុំក្ស័យធនតែម្ដងក៏មានដែរ។

ហេតុនេះហើយទើបធ្វើឱ្យមានអ្នកជំនាញខាងវិភាគសេដ្ឋកិច្ចមួយចំនួន មានដូចជាមហាសេដ្ឋី Elon Musk ជាដើម បានលើកឡើងពីការព្រួយបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំថ្មីនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកពីបញ្ហាអតិផរណានៅក្នុងប្រទេសអាស៊ានទាំង១០ ដែលរួមមានទាំងកម្ពុជាយើង ដើម្បីមកចែករំលែកឱ្យលោកអ្នកបានដឹងស្ថានភាព អតិផរណាសព្វថ្ងៃថាវាកំពុងស្ថិតនៅក្នុងកម្រិតណា។

ទិន្នន័យខាងក្រោយនេះ គឺជារបាយការណ៍ដែលបានមកពី គេហទំព័រ Trading Economics គិតត្រឹមចុងឆ្នាំ២០២២៖

១. ប្រទេសកម្ពុជា អត្រាអតិផរណាមាន ៣.៦%

២. ប្រទេសថៃ អត្រាអតិផរណាមាន ៥.៥៥%

៣. ប្រទេសវៀតណាម អត្រាអតិផរណាមាន ៤.៥៥%

៤. ប្រទេសម៉ាឡេស៊ី អត្រាអតិផរណាមាន ៤%

៥. ប្រទេសឥណ្ឌូនេស៊ី អត្រាអតិផរណាមាន ៥.៥១%

៦. ប្រទេសហ្វីលីពីន អត្រាអតិផរណាមាន ៨%

៧. ប្រទេសសិង្ហបុរី អត្រាអតិផរណាមាន ៦.៧%

៨. ប្រទេសមីយ៉ាន់ម៉ា អត្រាអតិផរណាមាន ១៩.៥៥%

៩. ប្រទេសឡាវ អត្រាអតិផរណាមាន ៣៨.៤៦%

១០. ប្រទេសព្រុយណេ អត្រាអតិផរណាមាន ៣.៥

គួរបញ្ជាក់ផងដែរថា អតិផរណា មានន័យថាជាការធ្លាក់ចុះនៃអំណាចទិញរបស់លុយ ឬនិយាយឱ្យងាយយល់គឺ ទំនិញនិងសេវាកម្មនៅលើទីផ្សារឡើងថ្លៃ ហើយលុយចុះថោក។ ក្រោយពីបានយល់ថាអ្វីជាអតិផរណា លោកអ្នកក៏ដឹងហើយថាការហក់ស្ទុះឡើងនៃអត្រាអតិផរណាមានផលអវិជ្ជមានបែបណាទៅលើសេដ្ឋកិច្ច។

បើតាមរបាយការខាងនោះ បានបង្ហាញ​ឱ្យឃើញថា ឡាវ គឺជាប្រទេសមួយដែលកំពុងធ្លាក់ក្នុងវិបត្តិអតិផរណាជ្រៅជាងគេនៅអាស៊ាន ដែលមានចំនួនដល់ទៅ ៣៨.៤៦% ឯណោះ។ តួលេខនេះបានបញ្ជាក់ឱ្យឃើញថាទំនិញនៅក្នុងប្រទេសឡាវសព្វថ្ងៃកំពុងតែឡើងថ្លៃខ្លាំង ហើយលុយរបស់ប្រទេសឡាវត្រូវបាត់បង់តម្លៃអស់យ៉ាងច្រើន។

ចំណែកអតិផរណារបស់ប្រទេសកម្ពុជាយើងស្ថិតនៅក្នុងកម្រិតមិនគួរឱ្យបារម្ភនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ Business Cambodia សូមរំលឹកទៅកាន់មិត្តអ្នកអានជានិច្ចថា លោកអ្នកគួរតែមានការប្រុងប្រយ័ត្ន ចំពោះរឿងលុយកាក់។ ព្យាយាមសន្សំចំណេះដឹងពាក់ព័ន្ធនឹងការចាត់ចែងលុយឱ្យបានត្រឹមត្រូវ ហើយអានព័ត៌មានសេដ្ឋកិច្ចឱ្យបានច្រើន​ ទើបអាចតាមទាន់ស្ថានការសកល ដើម្បីបានត្រៀមខ្លួនទុកមុនពេលមានវិបត្តិអ្វីមួយកើតឡើងដោយចៃដន្យ អ្នកនឹងមិនធ្លាក់ខ្លួនដាច់លុយ៕

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia