ប្តូរឈ្មោះថ្មី! ឥណ្ឌា គ្រោងនឹងប្តូរឈ្មោះប្រទេស ទៅជា បារ៉ាត (Bharat) វិញ ព្រោះមូលហេតុធំនេះ
Kan DaraSEPTEMBER 8 20233.2 K views

បន្ទាប់ពីលោកស្រី Droupadi Murmu បានហៅខ្លួនឯងថា «ប្រធានាធិបតី Bharat» នៅលើលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី បានបង្កភាពចម្រូងចម្រាសផ្ទុះឡើងពេញប្រទេសឥណ្ឌា និងត្រូវបានគេរំពឹងទុកថារដ្ឋាភិបាលប្រហែលជានឹងផ្លាស់ប្តូរឈ្មោះប្រទេស។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

យ៉ាងណាមិញ ក្នុងរដ្ឋធម្មនុញ្ញរបស់ឥណ្ឌា ប្រទេសនេះគឺមានឈ្មោះផ្លូវការ ២ ដោយអាចហៅថា «ឥណ្ឌា» ក៏បាន ឬ «បារ៉ាត់ (Bharat)» (ភាសាហិណ្ឌូ) ក៏បាន ប៉ុន្តែនៅជុំវិញពិភពលោក ភាគច្រើនលើសលប់គេស្គាល់តែ «ឥណ្ឌា» ប៉ុណ្ណោះដែលជាឈ្មោះផ្លូវការ។

ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូនៃរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌូ រដ្ឋាភិបាលនេះបាននឹងកំពុងប្តូរឈ្មោះទីក្រុងនានា និងអគារសំខាន់ៗរបស់ជាតិ ដែលត្រូវបានដាក់ដោយអាណានិគម រហូតប្រើឈ្មោះ «បារ៉ាត់ (Bharat)» ជំនួសឲ្យពាក្យ «ឥណ្ឌា» ក្នុងលិខិតអញ្ជើញ គឺដើម្បីចង់លុបបំបាត់ចិត្តគំនិតនៃទាសភាព ដែលឈ្មោះជាប្រទេសឥណ្ឌាធ្លាប់ឆ្លងកាត់រឿងរ៉ាវឈឺចាប់កាលពីអតីតកាល។

ប៉ុន្តែដើម្បីអាចផ្លាស់ប្តូរឈ្មោះប្រទេស «ឥណ្ឌា» ទៅជា «បារ៉ាត់ (Bharat)» តែមួយគត់ គឺត្រូវធ្វើវិសោធកម្ម រដ្ឋធម្មនុញ្ញទាមទារឱ្យមានសំឡេងគាំទ្រ ២ភាគ៣ នៃសភាជាន់ទាប និងសភាជាន់ខ្ពស់ឥណ្ឌា នេះបើយោងតាមមាត្រា១ នៃរដ្ឋធម្មនុញ្ញឥណ្ឌា។

ក្នុងនោះរដ្ឋាភិបាលឥណ្ឌា ក៏បានកោះប្រជុំសភាពិសេសរបស់ខ្លួនផងដែរនៅថ្ងៃទី ១៨-២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Modi នឹងបង្ហាញដំណោះស្រាយដើម្បីផ្លាស់ប្តូរឈ្មោះប្រទេស «ឥណ្ឌា» ទៅជា «បារ៉ាត់ (Bharat)» វិញ។

គួរជម្រាបផងដែរថា ប្រភពដើមនៃឈ្មោះ «បារ៉ាត់ (Bharat)» គឺមានជាប់ពាក់ព័ន្ធនឹងដំណើររឿងដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ ពាក្យនេះគឺក្លាយមកពាក្យ ក្នុងភាសាសំស្រ្កឹតថា «Bharata» មានន័យថា «ភ្លើង» ឬជាឈ្មោះរបស់ស្ដេចឥណ្ឌាមួយអង្គឈ្មោះ Bharata នៅក្នុងរឿងព្រេងបុរាណរបស់អ្នកកាន់សាសនាហិណ្ឌូ ដែលត្រូវបានគេចាត់ទុកថាជាបុព្វបុរសហិណ្ឌូ។ រីឯពាក្យឥណ្ឌាវិញ គឺក្លាយមកពីពាក្យ Sindhu នៅក្នុងភាសាសំស្រ្តឹតមានន័យ «ទន្លេ» ដែលអារ៉ាប់ និងក្រិក ហៅថាហិណ្ឌ (Hind) និងក្រោយមកត្រូវបានហៅថា «ឥណ្ឌា»។ ឈ្មោះ «ឥណ្ឌា» ត្រូវបានហៅយ៉ាងទូលំទូលាយ នៅអំឡុងពេលប្រទេសនេះស្ថិតក្រោមអាណានិគមអង់គ្លេស៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia