មិនបាច់ទៅហាង! ឥណ្ឌាបង្កើតទូATM ទិញមាសដំបូងក្នុងលោក អាចទិញមាសបាន២៤ម៉ោង
Toeuy HongDECEMBER 12 2022611 views

 ក្រុមហ៊ុន Goldsikka ដែលជាក្រុមហ៊ុនកែច្នៃនិងផលិតមាសក៏ធំមួយរបស់ប្រទេសឥណ្ឌាទើបតែបានបញ្ចេញនូវម៉ាស៊ីន ATM សម្រាប់ទិញមាសដំបូងបង្អស់ក្នុងលោក ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើការទិញមាសបានគ្រប់គ្រងពោលគឺ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។ នេះយោងតាមការចុះផ្សាយរបស់វេបសាយក្រុមហ៊ុន Goldsikka ផ្ទាល់។

 បើតាមក្រុមហ៊ុន Goldsikka បានឲ្យដឹងថាខ្លួនបានបញ្ចេញម៉ាស៊ីន ATM សម្រាប់ទិញមាសជាសកលជាលើកដំបូងបង្អស់ក្នុងលោកដោយអនុញ្ញាតឲ្យប្រជាជនអាចធ្វើប្រតិត្តិការទិញមាសពីម៉ាស៊ីន ATM នេះដោយមិនចាំបាច់ធ្វើដំណើរទៅទិញមាសដល់ហាងលក់មាសឡើយ។

ទូATM សម្រាប់ធ្វើប្រតិបត្តិការទិញមាសនេះត្រូវបានដំឡើងនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ហើយវាងាយស្រួលប្រើប្រាស់ដោយអនុញ្ញាតឲ្យពលរដ្ឋអាចទិញមាសទៅតាមលទ្ធភាពរបស់ពួកគាត់តាមរយៈការប្រើប្រាស់កាតឥណពន្ធ និងកាតឥណទានពោលគឺដូចយើងប្រើប្រាស់ទូATM សម្រាប់ដកលុយរាល់ថ្ងៃអ៊ីចឹង។

ក្រុមហ៊ុន Goldsikka បានបង្កើតម៉ាស៊ីនATM សម្រាប់ទិញមាសនេះឡើងដោយសហការជាមួយក្រុមហ៊ុនOpenCube Technologies Pvt ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីនៅទីក្រុង Hyderabad ក្នុងគោលបំណងដើម្បីផ្ដល់ដំណោះស្រាយផ្នែក Software ដល់វិស័យធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា។

គួរបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាប្រទេសដែលមានតម្រូវការមាសធំបំផុតលំដាប់លេខ២លើពិភពលោក ហើយ២ភាគ៣នៃតម្រូវការមាសគឺមកពីប្រជាជននៅជនបទ។ គ្រឿងអលង្ការគឺត្រូវបានប្រជាជនឥណ្ឌាចាត់ទុកទ្រព្យសុវត្ថិភាពនិងជារបស់ដែលពួកគាត់ចូលចិត្តវិនិយោគ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia