កិច្ចសហការរយៈពេល២៥ឆ្នាំរវាង ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ម៉ាស្ទ័រកាត ផ្លាស់ប្ដូរវិស័យទូទាត់នៅកម្ពុជា
Toeuy HongJULY 4 202548 views


ក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានសហការចាប់ដៃជាមួយធនាគារ កាណាឌីយ៉ាតាំងពីឆ្នាំ២០០១ ក្នុងការផ្ដល់សេវា ទូទាត់តាម​បែបអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជា ហើយកិច្ចសហការនេះបានផ្លាស់ប្ដូរវិស័យទូទាត់ឌីជីថល​នៅកម្ពុជាមកដល់បច្ចុប្បន្ននេះ។

កិច្ចសហប្រតិបត្តិការជាមួយធនាគារ កាណាឌីយ៉ារយៈពេល២៥ឆ្នាំមកនេះ អតិថិជនទទួលបាន​បទពិសោធន៍ដ៏អស្ចារ្យនៅក្នុងការទូទាត់ដែលមិនធ្លាប់មានពីមុន។ ជាក់ស្ដែងនៅឆ្នាំ២០១៥ ក្រុមហ៊ុន ម៉ាស្ទ័រកាត បានបញ្ចេញនូវ Mastercard Payment Gateway ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារអាចធ្វើការទូទាត់តាមអនឡាញយ៉ាងសម្បូរបែបនិងទូទាត់យ៉ាងទូលំទូលាយទូទាំងពិភពលោក។

ចាប់តាំងពេលពីនោះមកការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ ការទូទាត់តាមឌីជីថលនៅកម្ពុជាមានរហូតដល់ទៅជាង ៦០០លានប្រតិបត្តិការ ហើយគិតជាទំហំទឹកប្រាក់ប្រមាណជាង​១៥០ពាន់លានដុល្លារដែលសរុប​ស្មើនឹង៣៣០%នៃផលិតផលក្នុងស្រុកសរុប (GDP)។

ចំពោះវត្តមានប្រតិបត្តិការរបស់ ម៉ាស្ទ័រកាត នៅកម្ពុជាមិនត្រឹមតែជួយសម្រួលដល់ការទូទាត់តាម​អនឡាញប្រកដោយសុវត្ថិភាពប៉ុណោ្ណះ តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា​ផងដែរ។ នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០២៤ បានឲ្យដឹងថា App Bakong Tourist ដែលភ្ញៀវទេសចរអាចភ្ជាប់ជាមួយបណ្ណ Mastercard កាណាឌីយ៉ា    ដើម្បីបញ្ចូល​ទឹកប្រាក់ក្នុងគណនីបាគងទេសចរហើយអាចទូទាត់តាមឌីជីលនៅទីតាំងពាណិជ្ជករប្រមាណ ៤.៥លានកន្លែងទូទាំងប្រទេសកម្ពុជា។

លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិ របស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា  “ភាពជាដៃគូរយៈពេល២៥ ឆ្នាំជាមួយក្រុមហ៊ុនម៉ាស្ទ័រកាតនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរការចូលរួមប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់អតិថិជនដែលជាម្ចាស់ប័ណ្ណ និងអតិថិជនជាពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការដាក់ឱ្យដំណើរការប័ណ្ណឥណទាន ម៉ាស្ទ័រកាត និងស្ថានីយទូទាត់ប្រាក់ដំបូងជាច្រើន (payment terminals) នៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រព័ន្ធទូទាត់តាមអញឡាញថ្មីដែលប្រកបដោយសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យា contactless កិច្ចសហការនេះបានអនុញ្ញាតឱ្យយើងខ្ញុំ ពាំនាំមកនូវនវានុវត្តភាពនៃការទូទាត់ប្រាក់លំដាប់ពិភពលោកជូនទៅដល់ប្រជាជនកម្ពុជា ជាពិសេសម្ចាស់ប័ណ្ណម៉ាស្ទ័រកាតនឹងទទួលបាននូវការធ្វើប្រតិបត្តិការទូទាត់ផ្សេងៗប្រកបដោយសុវត្ថិភាព លឿនជាងមុន និងងាយស្រួលជាងមុន មិនថាតាមរយៈអញឡញ តាមហាងផ្សេងៗ ឬនៅក្រៅប្រទេសនោះឡើយ។ បន្ថែមពីនេះ សម្រាប់អតិថិជនដែលជាពាណិជ្ជកររបស់យើងខ្ញុំ ការនាំយកនូវបច្ចេកវិទ្យាទូទាត់ថ្មីនេះ បានផ្តល់ឱកាសដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ជាមួយនឹងការទូទាត់តាមបែបឌីជីថលទំនើប និងសុវត្ថិភាពខ្ពស់។ ជាមួយក្រុមហ៊ុនម៉ាស្ទ័រកាត យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានជួយអភិវឌ្ឍន៍ទៅដល់សេដ្ឋកិច្ចបែបឌីជីថលនៅប្រទេសកម្ពុជា ហើយនៅតែបន្តនវានុវត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយើងខ្ញុំ។”

លោកស្រី វីនី វង្ស (Winnie Wong) អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «រយៈពេល ២៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ម៉ាស្ទ័រកាត និងធនាគារកាណាឌីយ៉ា បានសហការគ្នាយ៉ាងម៉ត់ចត់ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវប័ណ្ណឥណទាន និងម៉ាស៊ីនទូទាត់កាតដំបូងគេបង្អស់នៅកម្ពុជា ដែលបានអនុញ្ញាតឱ្យអាជីវកម្មអាចទូទាត់បានទាំងអនឡាញ និងអហ្វឡាញ។ ហើយថ្មីៗនេះផងដែរ យើងក៏បានដាក់ចេញនូវប័ណ្ណឥណពន្ធនិម្មិត ដើម្បីផ្ដល់ជូននូវបទពិសោធទំនើបកម្មនៃសេវាកម្មទូទាត់ប្រាក់។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីទស្សនៈវិស័យរួមគ្នារបស់យើង ក្នុងការជំរុញនវានុវត្តន៍ និងពង្រឹងផ្នែកហិរញ្ញវត្ថុជូនអ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់បទពិសោធន៍ទូទាត់ប្រាក់ប្រកបដោយភាពរលូន និងមានសុវត្ថិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។»

ដោយឡែកនៅក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាតបានរួមដៃគ្នាធ្វើឲ្យការទូទាត់ឌីជីថលកាន់តែមានភាពល្អប្រសើរ និងភាពងាយស្រួល។ ជាក់ស្ដែងនៅឆ្នាំ២០០១ កិច្ចសហប្រតិបត្តិការនេះបានអនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់កាតក្នុង ការទូទាត់​យ៉ាងងាយស្រួល។ ហើយនៅឆ្នាំ២០១៥ អ្នកប្រើប្រាស់អាចទូទាត់តាមអនឡាញបានច្រើនបែប ច្រើនទម្រង់ដែលជាការផ្លាស់ប្ដូរបទពិសោធន៍ដ៏អស្ចារ្យក្នុងការទូទាត់។

ឆ្លងកាត់ ២៥ឆ្នាំនៃភាពជាដៃគូប្រកបដោយទំនុកចិត្តជាមួយនឹងក្រុមហ៊ុន ម៉ាស្ទ័រកាត ធនាគារ កាណាឌីយ៉ា មានមោទនភាពក្នុងការអបអរខួបគម្រប់ ២៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាដំណើរប្រកបដោយឧត្តមភាពក្នុងវិស័យទូទាត់បែបឌីជីថល​សម្រាប់ប្រជាជន​កម្ពុជា។ ជាពិសេសធនាគារ កាណាឌីយ៉ា សូមថ្លែងអំណរគុណដល់អតិថិជន​ទាំងអស់ដែលតែងតែ​គាំទ្រយើងនៅក្នុងដំណើរយូរអង្វែងនេះ។

សម្រាប់ភាពជាដៃគូបន្តទៅមុខទៀត ជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត  ធនាគារ កាណាឌីយ៉ានឹងជំរុញ​ការប្តេជ្ញាចិត្តប្រកបដោយនវានុវត្តភាព ក្នុងការកែទម្រង់សេវាកម្មហិរញ្ញវត្ថុសម្រាប់សហគមន៍ ជាពិសេសនឹងផ្តល់ជូននូវការទូទាត់បែបឌីជីថលយ៉ាងសម្បូរបែបទាក់ទងនឹងការធ្វើដំណើរ ការរស់នៅប្រចាំថ្ងៃ អត្ថប្រយោជន៍នៃការប្រើប្រាស់ធានារ៉ាប់រង និងសេវាផ្សេងៗជាច្រើន៕

Artboard 1 Copy

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia