រាជធានីភ្នំពេញ៖ ថ្ងៃទី04 ខែកក្កដា ឆ្នាំ 2025៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានប្រកាសដាក់ដំណើរការនូវសេវាទូទាត់ឆ្លងដែនថ្មីរវាង KHQR របស់ប្រទេសកម្ពុជា និង JPQR របស់ប្រទេសជប៉ុន តាមរយៈកម្មវិធី Sathapana Mobile។ គំនិតនេះត្រូវបានផ្តួចផ្តើមដោយធនាគារជាតិ នៃកម្ពុជា (NBC) និងសមាគមទូទាត់ជប៉ុន (PJA) ដើម្បីត្រៀមខ្លួនវិវត្តទៅលើប្រតិបត្តិការទូទាត់ប្រាក់បែបឌីជីថលសម្រាប់ប្រជាជន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងនាមជាធនាគារដែលត្រូវបានជ្រើសរើសសម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន ធនាគារ ស្ថាបនា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពឱ្យទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន អាចទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័ស ដោយគ្រាន់តែស្កេនទូទាត់លើកូដ JPQR ដែលអាចកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ។ ការចូលរួមយ៉ាងសកម្មរបស់ធនាគារ ស្ថាបនា ឆ្លុះបញ្ចាំងពីការគាំទ្រឥតងាករេរបស់ខ្លួនចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់ ធនាគារជាតិ នៃកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាពខ្ពស់ និងយុទ្ធសាស្រ្តផ្តោតលើអតិថិជន។ ធនាគារ ស្ថាបនា នៅតែបន្តក្នុងការជំរុញកំណើនតាមរយៈប្រព័ន្ធឌីជីថលដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ការត្រូវបានជ្រើសយកជាធនាគារទំនាក់ទំនងសម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន KHQR-JPQR បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល និងផ្តល់ភាពងាយស្រួល សម្រាប់អតិថិជន និងសហគមន៍ទាំងមូល។»
លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ «កិច្ចសហប្រតិបត្តិការមួយនេះ មិនមែនគ្រាន់តែទៅលើការទូទាត់តែមួយមុខនោះទេ ប៉ុន្តែការណ៍នេះជួយពង្រឹងចំណងពាណិជ្ជកម្ម ជំរុញការវិនិយោគ និងទេសចរណ៍ ផ្តល់នូវបទពិសោធប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងរលូនរវាងប្រទេសទាំងពីរ។»
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាង KHQR របស់ប្រទេសកម្ពុជា និង JPQR របស់ប្រទេសជប៉ុន គឺជាការបោះជំហានដ៏ធំមួយទៅកាន់ជម្រើសទូទាត់ដោយមិនប្រើសាច់ប្រាក់ និងជំរុញប្រព័ន្ធបច្ចេកវិទ្យាអន្តរជាតិ។ ការណ៍នេះ ជួយសម្រួលដល់តម្រូវការទូទាត់ប្រាក់របស់ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងពង្រីកឱកាសអាជីវកម្មសម្រាប់កម្ពុជាផងដែរ។ បន្ថែមពីនេះ គំនិតផ្តួចផ្តើមខាងលើ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ជួយដល់ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរណ៍ជាតិទាំងមូល។
អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕
បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។
ហើយក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។
លើសពីនេះទៅទៀត នៅក្នុងឆ្នាំ 2022 ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន 2 រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី Sathapana Mobile រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។