ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ដោយជោគជ័យ
Daneth MechJULY 4 2025

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដោយមានការចូលរួមឧបត្ថម្ភធំពីធនាគារ វីង បានអបអរសាទរភាពជោគជ័យក្នុងការបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ បន្ទាប់ពីកម្មវិធីនេះបានប្រព្រឹត្តិទៅអស់រយៈពេល ១២ សប្តាហ៍ ដើម្បីបំពាក់បំប៉នក្រុមអាជីវកម្មបង្កើតថ្មី ដោយផ្តល់នូវការតម្រង់ទិស មធ្យោបាយចាំបាច់នានាដែលអាចរីកចម្រើនទៅមុខយូរអង្វែង។  

ដោយបានចំណាយពេលពេញមួយកម្មវិធីនេះ បេក្ខជនក្រុមអាជីវកម្មបង្កើតថ្មីបានឆ្លងកាត់ដំណាក់កាលជាច្រើនរួមមាន៖ វគ្គបណ្តុះបណ្តាលដែលដឹកនាំដោយអ្នកជំនាញ សិក្ខាសាលាបច្ចេកទេស ព្រមទាំងមានការចូលរួមបង្វឹកដោយផ្ទាល់ពីអ្នកតម្រង់ទិសមានបទពិសោធន៍ និងធុរជនសក្តានុពលជាដើម។ ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកនៅគ្រប់ដំណាក់កាលទាំងអស់  ទាំងការចែករំលែកបទពិសោធន៍អាជីវកម្ម ការតម្រង់ទិស និងមតិកែលម្អ ដើម្បីជួយដល់ម្ចាស់អាជីវកម្មបង្កើតថ្មីអាចសម្រួចគំរូអាជីវកម្ម ក៏ដូចជាការកែលម្អដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងទីផ្សារ។ ។

Photo 2025 07 04 17 52 22

Photo 2025 07 04 17 52 23 (2)

លោក ជីវ ដារ៉ា នាយកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ វីង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ វីង ចំពោះការជំរុញគំនិតច្នៃប្រឌិតថ្មីៗក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។ លោក ជីវ​​ ដារ៉ា បានលើកឡើងថា៖ “ម្ចាស់អាជីវកម្មវ័យក្មេងទាំងនេះកំពុងបង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ ហើយនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់សហគមន៍។ ភាពជោគជ័យរបស់ពួកគេឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសហគ្រិនមានទេពកោសល្យក្នុងស្រុក ដែលនេះជាអ្វីដែលយើងខ្ញុំចង់ឃើញ​ ហើយស្របតាមបេសកកម្មរបស់ធនាគារ វីង ដែលតែងតែប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងដំណោះស្រាយឌីជីថល ដែលផ្តល់ប្រយោជន៍ទៅដល់ប្រជាជនកម្ពុជាទាំងអស់។

លោក​បានបន្ថែមទៀតថា៖ “យើងខ្ញុំមានមោទនភាពក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យរីកលូតលាស់តទៅមុខ តាមរយៈការជួយជ្រោមជ្រែងក្រុមអាជីវកម្មបង្កើតថ្មីឱ្យទទួលបានឱកាសរីកចម្រើន មូលនិធិគាំទ្រ បណ្តាញទំនាក់ទំនង និងទីផ្សារថ្មីៗជាដើម។ ហើយ​កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលនេះ នឹងជួយកសាង​គ្រឹះ​អនាគត​ឌីជីថល​របស់​ប្រទេស​កម្ពុជា​ឱ្យកាន់តែរឹងមាំមួយកម្រិតទៀត​។”

​កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ការគាំទ្រភាពរីកចម្រើនសហគ្រិនវ័យក្មេងដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី ១ ដល់ទី ៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមឌីជីថល២០២១, កម្មវិធីTurning Hackathon រដូវកាលទី៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី១,  ទី២ និងទី៤ ជា​ដើម។ គំនិតផ្តួចផ្តើមទាំងនេះបានជួយគាំទ្រប្រមាណ ១៦០ អាជីវកម្មដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារ ហើយអាជីវកម្មទាំងនេះបានបង្កើតឱកាសការងារជាង ២០០០​ នាក់។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ ២០២៥នេះ ទទួលបានការដាក់ពាក្យចូលរួមចំនួន ៦១ អាជីវកម្ម ហើយក្នុងនោះមានចំនួន ៧ក្រុមត្រូវបានជ្រើសរើសចូលរួមក្នុងរដូវកាលនេះ។ ជាលទ្ធផល មានតែ៥ ក្រុមប៉ុណ្ណោះដែលគណៈកម្មការផ្តល់ពិន្ទុជាបេក្ខជនជ័យលាភី ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសំដៅជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់នវានុវត្តន៍ និង សហគ្រិនភាព។

ក្រុមអាជីវកម្មបង្កើតថ្មីដែលអភិវឌ្ឍខ្លួនបានល្អបំផុតទទួលបានរង្វាន់លើកទឹកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងថ្ងៃធ្វើបទបង្ហាញសាធារណៈចំពោះភាពច្នៃប្រឌិត និងការត្រៀមខ្លួនចូលក្នុងទីផ្សារ៖

  • ចំណាត់ថ្នាក់លេខមួយបានទៅលើក្រុមអាជីវកម្ម Point Hub ដែលបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា Cloud ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ៤០ លានរៀល
  • ចំណាត់ថ្នាក់ទីពីរបានទៅលើក្រុមអាជីវកម្ម Espass ដែលជាថ្នាលឌីជីថលជួយសម្រួលដល់ការទិញ និងដឹកជញ្ជូនទំនិញពីក្រៅប្រទេសមកកម្ពុជា ទទួលរង្វាន់ទឹកប្រាក់ចំនួន ៣០ លានរៀល
  • ចំណាត់ថ្នាក់ទីបីបានទៅលើក្រុមអាជីវកម្ម Digi-Lab ដែលជាវេទិកាអប់រំ STEM បែបឌីជីថល និង BeOne HR ដែលជាដំណោះស្រាយកម្មវិធីផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ក្រុមនីមួយៗទទួលបានទឹកប្រាក់រង្វាន់ចំនួន ២០ លានរៀល
  • ក្រុមអាជីវកម្ម Bomnorng ទទួលបានចំណាត់ថ្នាក់ Honorable Mention ចំពោះការបង្កើតដំណោះស្រាយប្រព័ន្ធគ្រប់គ្រងផ្ទះជួលឌីជីថល ដោយប្រើប្រាស់បចេ្ចកវិទ្យា SaaS ទទួលរង្វាន់ទឹកប្រាក់ចំនួន ១០ លានរៀល

Photo 2025 07 04 17 52 23

Photo 2025 07 04 17 52 24 (2)

Photo 2025 07 04 17 52 24

Photo 2025 07 04 17 52 24 (3)

បន្ថែមពីលើជំនួយផ្នែកហិរញ្ញវត្ថុ ជ័យលាភីទាំង ៥ក្រុម ក៏នឹងទទួលការឧបត្ថម្ភសម្រាប់ការចូលរួមពិពណ៌ថ្នាក់តំបន់នៅប្រទេសវៀតណាមនាខែសីហាខាងមុខនេះផងដែរ ដែលផ្តល់ឱកាស និងការកសាងបណ្តាញទំនាក់ទំនងធុរកិច្ចកាន់តែទូលំទូលាយបន្ថែមទៀតនៅលើឆាកអន្តរជាតិ។

ស្របពេលដែលប្រទេសកម្ពុជាឆ្ពោះទៅអនាគតក្នុងការសម្របខ្លួនបរិវត្តកម្មឌីជីថលកាន់ខ្លាំងឡើង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសហគ្រិនទទួលបាននូវជំនាញ ការកសាងទំនុកចិត្ត និងការគាំទ្រចាំបាច់នានាដែលពួកគេត្រូវការដើម្បីជំរុញភាពច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"  នៅតែប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រអាជីវកម្មបង្កើតថ្មី ឱ្យកាន់តែរឹងមាំ និងលូតលាស់ប្រកបដោយបរិយាបន្ន ដែលនេះសបញ្ជាក់ឱ្យឃើញពីគោលដៅអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលអាចប្រកួតប្រជែងទាំងក្នុងតំបន់​​ និងនៅលើសកលលោក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia