ដើរត្រូវលុយកើន! កំពុងធ្វើការឱ្យគេ តែចង់បានចំណូលច្រើនជាងមុន អ្នកត្រូវធ្វើរឿង៣នេះឲ្យបាន!
Toeuy HongJULY 14 2025237 views

សព្វថ្ងៃនេះ តម្លៃទំនិញនៅលើទីផ្សារមានការប្រែប្រួលឡើងចុះទៅតាមស្ថានភាពសេដ្ឋកិច្ច ជាហេតុធ្វើឱ្យតម្រូវការនៃការចំណាយប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗកើនឡើងលើសពីមុន។ ដូច្នេះការបង្កើនប្រាក់ចំណូលគឺជារឿងចាំបាច់ណាស់ ក្នុងការទប់ទល់មិនឱ្យជួបបញ្ហាដាច់លុយនៅពេលចុងខែ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ គ្រូបង្គោលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាសមាជិកក្នុងក្រុមសន្សំប្រាក់នារី​ អ្នកស្រី ប្រាក់ លឹមហ៊ាង បានបង្ហាញអំពី យុទ្ធសាស្រ្តពិសេសមួយចំនួន ដែលអាចជួយបង្កើនចំណូលបន្ថែមពីលើប្រាក់ខែរបស់អ្នករាល់ថ្ងៃនេះ។ យុទ្ធសាស្រ្តទាំងនោះរួមមាន៖

១. ធ្វើការឱ្យខ្លាំងជាងមុន

អ្នកស្រីបានលើកឡើងថា​ “ការពង្រឹងសមត្ថភាពចំពោះការងារដែលយើងកំពុងតែមាន គឺជាចំណុចចាប់ផ្ដើមសំខាន់បំផុត”។ អ្នកគួរតែបំពេញការងារឱ្យបានល្អ ដើម្បីបានឡើងតួនាទី និងទទួលបានប្រាក់ខែកាន់តែខ្ពស់។ ទន្ទឹមនឹងនោះអ្នកក៏ត្រូវ ឆ្លៀតឱកាសពេលកំពុងធ្វើការនេះ សន្សំបទពិសោធន៍ ចំណេះដឹង និងទំនាក់ទំនងក្នុងសង្គមឱ្យបានទូលំទូលាយ ដើម្បីទុកជាទុន បង្កើតចំណូលបន្ថែមទៀតនៅពេលណាមួយ។

២. លក់ជំនាញ

ក្រៅពីធ្វើការអ្នកក៏អាចឆ្លៀតពេលលក់ជំនាញនិងបទពិសោធន៍ដែលអ្នកកំពុងតែមាន តាមរយៈការចងក្រងជាសៀវភៅ ឬបើកវគ្គបណ្ដុះបណ្ដាលជាដើម។ ចំណេះដឹងនិងបទពិសោធន៍គឺជាទុនសំខាន់ណាស់ ពេលដែលអ្នកមានវាហើយត្រូវប្រើវាឱ្យអស់លទ្ធភាព កុំទុកចោលឱ្យសោះ ព្រោះថា សមត្ថភាពដូចជាលុយ បើទុកចោលមិនចេះចាយឱ្យត្រូវ វាក៏គ្មានថ្ងៃកើន

៣. វិនិយោគ

អ្នកជំនាញហិរញ្ញវត្ថុរូបនេះបញ្ជាក់ថា “ការវិនិយោគសំខាន់ណាស់ ព្រោះវាជាប្រភពនៃចំណូលអកម្មដែលបុគ្គលគ្រប់រូបត្រូវតែមាន ប៉ុន្តែសូមវិនិយោគលើអ្វីដែលយើងចេះពិតប្រាកដដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរ”។ មានន័យថា ជំហានដំបូងអ្នកត្រូវវិនិយោគលើចំណេះដឹង បន្ទាប់មកចាំដាក់ទុនទៅលើគម្រោងណាមួយដែលអ្នកបានរៀនសូត្រចេះច្បាស់។

ជាក់ស្ដែងការវិនិយោគមានច្រើនបែបដូចជា ជួលផ្ទះ ជួលដី ចូលហ៊ុន​ ទិញភាគហ៊ុន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាដើម។ ឧទារហណ៍ថាអ្នកចង់វិនិយោគលើអចលនទ្រព្យ ដូចជាការទិញផ្ទះដាក់ជួល អ្នកត្រូវរៀនសូត្រឱ្យចេះសិនថា តើគេទិញផ្ទះរបៀបម៉េច រើសទីតាំងបែបណា គួរទិញដាច់ឬរំលស់ បង់ជាមួយធនាគារឬម្ចាស់ផ្ទះ។ សូមជម្រាបថារាល់មេរៀន និងចំណេះដឹងដែលអ្នកចង់បាន គួរតែស្វែងរកពីបុគ្គលជំនាញលើផ្នែកទាំងអស់នោះពិតប្រាកដ រៀនពីបទពិសោធន៍អ្នកដើរមុន ពិចារណាពីទីផ្សារបច្ចុប្បន្ន

គួរបញ្ជាក់ផងដែរថា សូមកុំធ្វើការទន្ទឹងប្រាក់ខែ តែគួរធ្វើការសន្សំជំនាញ ទាញយកបទពិសោធន៍ ស្រូបទំនាក់ទំនងសង្គម និងប្រើប្រាស់អ្វីដែលរកបានទាំងអស់នោះឱ្យត្រូវផ្លូវ ធ្វើបានតែប៉ុននេះចំណូលរបស់អ្នកនឹងកើន ហើយទោះជាចង់ក្រក៏ពិបាកដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia