ជនជាតិជប៉ុន ត្រូវបានគេដឹងថាជាជនជាតិដែលពូកែក្នុងការថែទាំសុខភាព ដែលជាហេតុធ្វើឱ្យប្រជាជនក្នុងប្រទេសមួយនេះសម្បូទៅដោយប្រជាជនដែលមានអាយុវែងច្រើនជាងគេនៅលើពិភពលោក។មិនត្រឹមតែជាប្រទេសដែលពូកែក្នុងការថែរក្សាសុខភាព និងអាយុឱ្យបានវែងប៉ុណ្ណោះទេ សូម្បីតែអាជីវកម្មក៏ប្រទេសមួយនេះពូកែថែរក្សាឱ្យរកស៊ីបានដល់ជំនាន់ដែរ ក្នុងនោះមានអាជីវកម្មខ្លះមានអាយុកាលដល់ទៅជាង ១០០០ឆ្នាំក៏មាន។
ជាក់ស្តែង ដូចជារបរលក់នំដុតមួយកន្លែងនៅក្នុងប្រទេសជប៉ុនរកស៊ីបានដល់ទៅ១០២០ឆ្នាំ ដោយគ្រាន់តែលក់នំដុតសាមញ្ញៗធម្មតាប៉ុណ្ណោះ។ទីតាំងមួយនោះត្រូវបានគេស្គាល់ឈ្មោះថា Ichiwa ជាប្រភេទនំម្សៅដោតចង្កាក់តូចៗដាក់អាំងជាមួយនឹងរងើកភ្លើងផ្ទាល់ នំនេះត្រូវបានគេញ៉ាំជាមួយនឹងទឹកតែ។ថ្វីបើនំនេះមានភាពសាមញ្ញប៉ុន្តែនំនេះបានទាក់ទាញចិត្តភ្ញៀវមកញ៉ាំមិនលោះថ្ងៃ។
យោងតាមការចុះផ្សាយរបស់ The New York Time បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រី Naomi Hasegawa អាជីវកម្មបានបើកជាលក្ខណៈគ្រួសារអស់ជាច្រើនសតវត្សមកហើយ ហើយជាធម្មតាមានភ្ញៀវទេសចរណ៍ឆ្លងកាត់និងចូលញ៉ាំជាហូហែរ លុះអំឡុងពេលមានបញ្ហាកូវីដ១៩ភ្ញៀវក៏ស្ងាត់ខ្លះ ប៉ុន្តែអ្នកស្រីបានបន្តថា បញ្ហាជំងឺកូវីដមិនបានបង្ករជាផលប៉ះពាល់ដល់ហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកស្រីនោះទេ។
ក្នុងនោះអ្នកស្រី Hasegawa បានមានប្រសាសន៍ថា នៅពេលមានរោគរាតត្បាតកូវីដ១៩ មានអាជីវកម្មច្រើនណាស់ក្នុងប្រទេសជប៉ុនមានបញ្ហា ក្ស័យធន ប៉ុន្តែសម្រាប់អាជីវកម្ម Ichiwa នៅតែដដែល ព្រោះអាជីវកម្មនេះផ្តោតលើអាជីវកម្មបែបប្រពៃណី មិនមែនផ្តោតលើប្រាក់ចំណេញឡើយ។ហេតុនេះហើយទើប ទោះមានសង្គ្រាម គ្រោះទឹកជំនន់ ខ្យល់ព្យុះក៏អាជីវកម្មលក់នំដុតនេះនៅតែរក្សាលំនឹងបានធម្មតា។
អ្នកស្រី Hasegawa បានបង្ហើបប្រាប់ទៀតថា មូលហេតុដែលធ្វើឱ្យអាជីវកម្មមួយនេះឈរជើងបានយូរ គឺទី១ គាត់បើកអាជីវកម្មមួយមិនមែនផ្តោតលើប្រាក់់ចំណេញនោះទេ តែត្រូវមានចក្ខុរវិស័យវែងឆ្ងាយជាងនេះ ទី២ ការបង្កើតគុណតម្លៃក្នុងអាជីវកម្ម ផ្តល់អ្វីដែលល្អឱ្យភ្ញៀវ នោះភ្ញៀវនឹងឱ្យតម្លៃតបស្នងដ៏ល្អមួយមកកាន់យើងវិញ ចំណែកឯចំណុចចុងក្រោយនោះគឺការយកចិត្តទុកដាក់ជាមួយបុគ្គលិក ចំណុចទាំង៣នេះហើយដែលធ្វើឱ្យនំដុតជប៉ុន Ichiwa រក្សាបានគ្រឹះរកស៊ីបានដល់ទៅ ១០២០ ឆ្នាំ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង