ចំណូលតិចតែអាចសល់លុយ! និស្សិតប្រាក់ខែ២៥០$ បើចាយតាមក្បួន៣នេះ លែងខ្វះរឿងលុយ រៀនចប់សល់លុយច្រើន
Toeuy HongMAY 8 20243.2 K views

 បច្ចុប្បន្នគេច្រើននិយាយពីប្រាក់ខែ២៥០ដុល្លារពោលគឺប្រាក់ខែត្រឹម២៥០ដុល្លារនេះត្រូវបានគេចាត់ទុកជាប្រាក់ខែដ៏ទាបដែលមនុស្សមួយចំនួនថាចាយមិនគ្រាន់ហើយពិបាកចាត់ចែងសន្សំឲ្យសល់។ យ៉ាងណាមិញចំពោះសិស្សនិស្សិតដែលមកពីបណ្ដាខេត្តបន្តការសិក្សានៅភ្នំពេញដែលអាចរកចំណូលបាន២៥០ដុល្លារតើគួរចាត់ចែងបែបណាទើបអាចសល់លុយ ជាពិសេសមានលុយបង់សាលានិងរៀនចប់អាចសល់លុយខ្លះសម្រាប់ធ្វើរឿងចាំបាច់ផ្សេងៗ?

 ដូច្នេះថ្ងៃនេះ Business Cambodia សូមចែករំលេកពីក្បួនគ្រប់គ្រងលុយសម្រាប់និស្សិតដែលមានប្រាក់ខែ២៥០ដុល្លារតាមក្បួន៥០/៣០/២០ ដើម្បីគ្រប់គ្រងលុយបានល្អចៀសផុតបញ្ហាលុយកាក់ហើយអាចមានលទ្ធភាពបង់សាលានិងសល់លុយទៀតផង។ ក្បួន៥០/៣០/២០ ត្រូវបានចាត់ចែងដូចខាងក្រោមនេះសម្រាប់ប្រាក់ខែ២៥០ដុល្លារ។

៥០%នៃចំណូលចំណាយលើតម្រូវការចាំបាច់

 ចំពោះប្រាក់ខែ២៥០ដុល្លារប្អូនៗសិស្សនិស្សិតអាចដក៥០%នៃចំណូលសរុបប្រចាំខែដែលស្មើនឹង១២៥ដុល្លារសម្រាប់ចំណាយលើតម្រូវការចាំបាច់។ តម្រូវការចាំបាច់គឺជាការចំណាយដែលយើងអត់មិនបានពោលគឺបើអត់ច្បាស់ជាវេទាន ដូចជាចំណាយលើការស្នាក់នៅ ទឹកភ្លើង អាហារហូបចុកនិងការធ្វើដំណើរជាដើម។

៣០% ចំណាយលើចំណង់

 បន្ទាប់ពីអ្នកបានដកចំណាយចំបាច់ដែលបានរៀបរាបខាងលើរួចហើយនោះ អ្នកអាចដក៣០%នៃចំណូលសរុបដែលស្មើនឹង៧៥ដុល្លារ សម្រាប់ទុកចំណាយលើចំណង់។ ក្នុងការរស់នៅយើងតែងនឿយហត់និងការងារឬការសិក្សាដូច្នេះត្រូវលុយនិងពេលវេលាខ្លះសម្រាប់កម្សាន្តដូច្នេះគួរដកលុយមួយផ្នែកដើម្បីចំណាយលើភាពរីករាយក្នុងជីវិត។ ការចំណាយលើចំណង់មានដូចជាការដើរលេងមន្សាន្ត ការជួបជុំគ្នាមានកម្មវិធីផ្សេងៗនិងទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលអ្នកចង់បាន។

២០%លើការសន្សំឬវិនិយោគ

 ចំណែក២០%នៃចំណូលសរុបដែលស្មើ៥០ដុល្លារគឺសម្រាប់សន្សំទុកជាលុយបម្រុងពេលមានអាសន្នក៏ដូចជាលុយសម្រាប់ទុកជាដើមទុនក្នុងការអភិវឌ្ឍនជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើនឬជាលុយទុកប្រើការសម្រាប់រឿងចាំបាច់នាពេលអនាគតដូចជាដើមទុនរកស៊ីនិងវិនិយោគជាដើម។

 តើគួររស់នៅបែបណាដើម្បីអាចចាត់ចែងលើតម្រូវការចាំបាច់ហើយសល់លុយមកសន្សំបាន?

តាមរយៈសំណួរខាងលើបើយើងមើលទៅលើចំណាយលើតម្រូវការចាំបាច់យើងបានដក១២៥ដុល្លារសម្រាប់ចំណាយនេះ។ ហើយដើម្បីរស់នៅចំណាយក្នុងរង្វង់១២៥ដុល្លារដោយមិនរងសម្ពាធ យើងជានិស្សិតគួររស់នៅបន្ទប់ជាមួយមិត្តរួមថ្នាក់ឬមិត្តភក្ដិ។ ឧទាហរណ៍បន្ទប់ជួលមួយខែ៧០ដុល្លារនៅគ្នា៣នាក់នោះមួយខែម្នាក់អស់ថ្លៃស្នាក់នៅត្រឹមតែ២៣ដុល្លារប៉ុណ្ណោះ។ ដូច្នេះអ្នកនៅសល់ប្រមាណ១០២ដុល្លារទៀតសម្រាប់ចំណាយលើអាហារហូបចុក។

 ចំពោះចំណាយលើអារហារនេះទៀតសោតបើយើងធ្វើម្ហូបញ៉ាំជុំគ្នា យើងចំណាយកាន់តែតិចពោលគឺចំណាយលើការហូបចុកអាចអស់ត្រឹមខ្ទង់៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលធ្វើឲ្យយើងអាចសន្សំសំចៃលើការញ៉ាំហើយលុយដែលយើងសន្សំសំចៃនេះអាចយកមកចំណាយលើការធ្វើដំណើរដូចជាសាំងម៉ូតូឬកាតទូរស័ព្ទជាដើម។

ចំពោះលុយចំណាយលើចំណង់៣០%ដែលស្មើនឹង៧៥ដុល្លារ អ្នកមិនគួរចំណាយលើសពី៧៥ដុល្លារឡើងព្រោះបើចំណាយលើសនេះ អ្នកច្បាស់ជាខ្វះខាតលុយសម្រាប់ចំណាយលើតម្រូវការចាំបាច់ជាមិនខានឡើយ។ មួយវិញទៀតបើអាច អ្នកអាចកាត់បន្ថយការចំណាយលើចំណងដើម្បីយកលុយទៅចំណាយលើរឿងចាំបាច់ដូចជាការទិញសៀវភៅនិងសម្ភារសិក្សាជាដើម។ ជាពិសេសក្នុងករណីមានតម្រូវការច្រើនលើចំណាយចាំបាច់ អ្នកអាចកាត់បន្ថយការចំណាយលើចំណង់ដើម្បីយកលុយទប់ចំណាយចាំបាច់។

ជាចុងក្រោយបើអ្នកធ្វើតាមការរៀបរាប់ខាងលើមួយខែៗអ្នកនឹងសល់លុយចំនួន៥០ដុល្លារយ៉ាងតិចព្រោះអ្នកបានដកចំនួន២០%នៃចំណូលដែលស្មើនឹង៥០ដុល្លារមកសន្សំរាល់ខែ។ ត្រង់នេះបើអ្នកប្រឹងប្រែងធ្វើការនិងអភិវឌ្ឍនសមត្ថភាពធ្វើឲ្យចំណូលកាន់តែកើនឡើងទៀតនោះមួយឆ្នាំអ្នកនឹងសល់លុយមិនក្រោម៦០០ដុល្លារ ហើយរៀនចប់៤ឆ្នាំអ្នកនឹងសល់លុយប្រមាណជាង២៤០០ដុល្លារពីទម្លាប់សន្សំនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia