ក្រោយបញ្ចប់បេសកម្មក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ U22 របស់កម្ពុជា ពេលនេះលោក Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅបង្វឹកក្រុមបាល់ទាត់នៅប្រទេសថៃ និងប្រទេសផ្សេងទៀត ត្រៀមខ្លួនសម្រាប់ World Cup នាពេលខាងមុខ។
យោងតាមគេហទំព័រ Facebook page ផ្លូវការរបស់លោក Honda Keisuke ដែលបានបង្ហោះរៀបរាប់កាលពីប៉ុន្មានម៉ោងមុននេះយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាគ្រូបង្វឹក, ខ្ញុំចាប់អារម្មណ៍លើ Oman NZ UAE ប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដែលចង់ទៅលេង World Cup ក្នុងឆ្នាំ២០២៦»។
គួរជម្រាបផងដែរថា ក្នុងខែសីហា ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធើ្វការប្រកាសជាផ្លូវការពីការតែងតាំងអតីតកីឡាករក្រុមជម្រើសជាតិជប៉ុន Keisuke Honda ជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនាមជាគ្រូបង្វឹកថ្មីលោកមិនទទួលប្រាក់ខែឡើយ ដោយលោកបានលើកឡើងថា៖ «លោកពិតជាស្រលាញ់ស្នាមញញឹមរបស់ប្រជាជនខ្មែរណាស់»។
ជាចុងក្រោយលោកគ្រូ Keisuke Honda បានបញ្ចប់បេសកម្មភាពរយៈពេល៥ឆ្នាំ ក្នុងនាមជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងឱកាសទទួលទានអាហារពេលល្ងាចលាគ្នារបស់កីឡាករ គ្រូជំនួយ មន្ត្រី និងឯកឧត្តមប្រធាន ស.ប.ក លោកបាននិយាយពាក្យលាមកកាន់កម្ពុជាថា៖ «អរគុណដែលបានជឿជាក់ខ្ញុំតាំងពីដើមកន្លងមក ខ្ញុំនឹងមិនបំភ្លេចនោះទេ ជួបគ្នាម្ដងទៀត»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)