សមាគមកសិ-ឧស្សាហកម្មមកពីកូរ៉េ ចង់មកសាកល្បងដាំដំណាំកសិកម្ម២នេះនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ
ធី ស្រីល័ក្ខFEBRUARY 20 2025921 views

នេះជាដំណឹងដ៏រីករាយមួយ ខណៈពេលនេះមានសមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) បានបង្ហាញពីបំណងក្នុងការដាំដុះសាកល្បងលើកសិផលមួយចំនួននៅកម្ពុជាដូចជាដំឡូងផ្អែម និងឆៃថាវ ដើម្បីពិនិត្យនិងសិក្សាពីលទ្ធភាពនៃការដាំដុះ ផលិតកម្ម តម្រូវការ និងតម្លៃសេដ្ឋកិច្ចនៃដំណាំនេះផងដែរ។

 

ជាក់ស្តែង នៅក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ដុងអ៉ីល (Song Dong-il) ប្រធានសមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) បាននិយាយថា សមាគមប្រមូលផ្តុំដោយបណ្តុំក្រុមហ៊ុនជាច្រើនផ្នែកដូចជា ក្រុមហ៊ុនកែច្នៃ ចែកចាយ និងក្រុមហ៊ុនដឹកជញ្ជូន ដែលអាចចងជាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ។

១

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍ចំពោះសមាគម និងក្រុមហ៊ុនដែលមានបំណងសហការចូលរួមវិនិយោគលើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃកសិផលដែលមានស្រាប់នៅកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយវិស័យនេះឱ្យកាន់តែមានការរីកចម្រើន ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើន ដែលនេះនឹងផ្តល់ឱកាសដល់វិនិយោគិនកូរ៉េក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំទូលាយ។

 

ចំពោះការដាំដុះសាកល្បងលើដំណាំខាងលើ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យសមាគម ព្រមទាំងក្រុមហ៊ុនកូរ៉េធ្វើការសិក្សាពីទីផ្សារ និងវិភាគតម្លៃសេដ្ឋកិច្ចនៃដំណាំនេះឱ្យច្បាស់លាស់ជាមុន ដើម្បីធានាថានឹងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករ និងវិនិយោគិន។

២

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបានណែនាំឱ្យសមាគមបន្តកិច្ចសហការជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួង ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន និងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia