កាលពីពេលថ្មីៗនេះ រដ្ឋបាលចំណីអាហារនិងឱសថ បានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនូវ ថ្នាំការពារជំងឺអេដស៍ថ្មីមួយរបស់ក្រុមហ៊ុន Gilead Sciences ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមេរោគ។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន NBC បានឱ្យដឹងថាថ្នាំការពារជំងឺអេដស៍ថ្មីនោះមានឈ្មោះថា Yeztugo គឺជាថ្នាំចាក់ដែលមានប្រសិទ្ធភាពខ្ពស់។
ដោយនៅក្នុងការសាកល្បងព្យាបាល ថ្នាំ Yeztugo នេះស្ទើរតែលុបបំបាត់ការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមមនុស្សដែលចាក់ថ្នាំរៀងរាល់ប្រាំមួយខែម្តង ក្នុងរយៈពេល១ឆ្នាំ។ ខណៈមួយចាក់មួយលើកមានតម្លៃជាង១ម៉ឺន៤ពាន់ដុល្លារ ឬមួយខែចំណាយអាចចំណាយជាង២៣០០ដុល្លារ។
ថ្នាំ Yeztugo ត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគអេដស៍បានច្រើនជាង ៩៩.៩ភាគរយចំពោះមនុស្សពេញវ័យ និងមនុស្សវ័យជំទង់ ដែលធ្វើឱ្យវាមានមុខងារស្រដៀងទៅនឹងវ៉ាក់សាំងសម្រាប់មុនពេលប៉ះពាល់។
យ៉ាងណាមិញទោះបីជាទទួលបានលទ្ធផលល្អ និងគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក្តីសង្ឃឹម អាចនឹងត្រូវបានកាត់បន្ថយដោយការចំណាយខ្ពស់ដែលរំពឹងទុករបស់ថ្នាំការពារមេរោគអេដស៍៕