មាស ត្រូវបានគេចាត់ទុកថាជា ទ្រព្យសុវត្ថិភាព (safe haven) ពេលពិភពលោកមានវិបត្តិ ឬអស្ថិរភាពនយោបាយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ តម្លៃមាសបានដាំក្បាលចុះ ខណៈរងើកភ្លើងសង្រ្គាមនៅអ៊ីស្រាអែល និងអ៊ីរ៉ង់ រួមទាំងភាពតានតឹងនៅតំបន់ផ្សេងទៀតកំពុងកើតឡើង ព្រោះមូលហេតុធំៗ ៣ ខាងក្រោមនេះ ដោយយោងតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច៖
១/. ធនាគារជាតិអាមេរិក (Fed) មិនទាន់កាត់អត្រាការប្រាក់៖ មាសជាទ្រព្យសម្បត្តិ មិនផ្តល់ប្រាក់ចំណេញ ឬហៅថា Non-yielding Asset។ បើធនាគារជាតិអាមេរិកមិនកាត់អត្រាការប្រាក់ ឬក៏ចង់ដំឡើង នោះគេនឹងវិនិយោគលើលុយដុល្លារ ឬប័ណ្ណបំណុលរដ្ឋ (Treasury Bonds) ផ្ទុយពីមាស។ នេះជាគោលការណ៍ហិរញ្ញវត្ថុធំមួយដែលធ្វើឲ្យតម្លៃមាសធ្លាក់ចុះ។
២/. ការលក់ចេញដើម្បីយកផលចំណេញពីស្ថាប័នធំៗ៖ មាសបានឡើងដល់តម្លៃខ្ពស់បំបែកកំណត់ត្រាជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឲ្យអ្នកវិនិយោគមានក្តីបារម្ភ និងសង្ស័យចំពោះការប្រែប្រួលតម្លៃបន្ទាប់ទៀត។ ជាក់ស្តែង ទីផ្សារធំៗដូចជា ETF ឬធនាគារជាតិសម្រុកលក់មាសចេញ ដើម្បីកាត់យកផលចំណេញ នោះនឹងនាំឲ្យតម្លៃមាសមានការធ្លាក់ចុះ។
៣/. សង្រ្គាមមានដែនកំណត់៖ ទោះបីជាទំនាស់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់មានការផ្ទុះខ្លាំង ប៉ុន្តែវាមិនទាន់ជះឥទ្ធិពលដល់បណ្តាញផ្គត់ផ្គង់ប្រេង ឬសេដ្ឋកិច្ចសកលកម្រិតធ្ងន់ធ្ងរនៅឡើយទេ។ អ្នកវិនិយោគមើលឃើញថា វាជាសង្រ្គាមតំបន់ដែលអាចគ្រប់គ្រងបាន និងមិនបង្កឱ្យមានការភ័យខ្លាចលើសេដ្ឋកិច្ចអន្តរជាតិ។
យ៉ាងណាមិញ ធនាគារធំៗដូចជា Citi Group បានបញ្ចេញការព្យាករណ៍ថា តម្លៃមាសអាចនឹងធ្លាក់ទៅក្រោម ៣០០០ដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារទំហំពាណិជ្ជកម្មសាកលល្អ និងតំហយចុះនៃការវិនិយោគលើមាស ខណៈការព្យាករណ៍ទាំងនេះក៏ជាមូលហេតុបង្កអារម្មណ៍អវិជ្ជមានដល់តម្លៃមាសផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook