យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា រយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ២០២៥ នេះ កម្ពុជានាំចេញផ្លែចេកស្រស់ សម្រេចបានជាង ១២ ម៉ឺនតោន (១២២២៩០) កើនឡើង ៥,៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១១ ម៉ឺន ៦ ពាន់តោន។ នេះបើតាមការដកស្រង់ចេញពី ទូរទស្សន៍ជាតិកម្ពុជា។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។
ជាមួយគ្នានោះដែរ អ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេកនៅក្នុងស្រុកស្ទឹងត្រង់បានឱ្យដឹងថា បច្ចុប្បន្នមានទីផ្សារប្រទេសធំពីរដែលក្រុមហ៊ុនបាននាំចេញមានទីផ្សារប្រទេសចិន និងជប៉ុន។
អ្នកស្រីបានបន្តឱ្យដឹងទៀតថា នៅក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និតដើម្បីវេចខ្ចប់នាំចេញ ដែលមួយថ្ងៃយ៉ាងហោចណាស់មានពី ៣ កុងតឺន័រ និងអាចឈានដល់ ១០ កុងតឺន័រនៅពេលមានតម្រូវការខ្ពស់ ដែលភាគច្រើននាំទៅទីផ្សារប្រទេសចិននិងជប៉ុន ខណៈទីផ្សារក្នុងស្រុកមានចំនួនតិចតួចបំផុត។
ក្រុមហ៊ុន ឡុង ស្រេង ចម្ការចេក កំពុងវិនិយោគការដាំដុះចេកពូជអំបូងលឿងលើផ្ទៃដីប្រមាណ ២ ពាន់ហិកតានៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងកំពុងពង្រីកការដាំដុះរាប់រយហិកតាថែមទៀត។
គួរជម្រាបថា កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺជាដើម៕