Japan Heart គឺជាអង្គការមិនរកប្រាក់កម្រៃរបស់ប្រទេសជប៉ុន ដែលផ្តល់ការថែទាំ និងជំនួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា។ ចាប់ផ្ដើមបង្កើតនៅក្នុងឆ្នាំ២០០៤ នៅក្នុងប្រទេសជប៉ុន ដែលមានវេជ្ជបណ្ឌិត Hideto Yoshioka ជាប្រធានទីប្រឹក្សា និងជាស្ថាបនិកនៃ Japan Heart ដែលបានផ្ដោតទៅលើការជួយព្យាបាលកុមារក្រីក្រ និងជួយគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញដល់គ្រូពេទ្យក្នុងស្រុក។
នៅក្នុងឆ្នាំ ២០០៨ Japan Heart ក៏បានចូលមកក្នុងប្រទេសកម្ពុជា ដោយផ្តល់សេវាកម្មជាច្រើនដូចជា៖ ការវះកាត់ ការសម្រាលកូន និងការថែទាំសុខភាពផ្លូវចិត្ត និងព្យាបាលជំងឺមហារីកកុមារផងដែរ។ ពួកគេក៏បណ្តុះបណ្តាលគ្រូពេទ្យ និងគិលានុបដ្ឋាយិកាកម្ពុជា ព្រមទាំងប្តេជ្ញាផ្តល់ការថែទាំដែលមានគុណភាពខ្ពស់ដល់មនុស្សគ្រប់គ្នា ដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់របស់ពួកគេ។
ទន្ទឹមនឹងនេះដែរ អតីតគ្រូបង្វឹក កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាវីរ:បុរសបាល់ទាត់ជប៉ុន គឺលោកកេស៊ូកិ ហុងដា (Mr.Keisuke Honda) ក៏បានចូលរួមផ្សព្វផ្សាយអំពីបេសកម្មសប្បុរសធម៌របស់អង្គការ បេះដូងជប៉ុនផងដែរ។ ជាពិសេសគឺការអំពាវនាវឱ្យសប្បុរសជន ចូលរួមបរិច្ចាគប្រាក់ ដើម្បីជួយទ្រទ្រង់មជ្ឈមណ្ឌលនេះ។ អង្គការជប៉ុនបេះដូងជប៉ុន ក៏គ្រោងនឹងបើកដំណើការមន្ទីរពេទ្យថ្មីមួយកន្លែងទៀតនៅក្នុងឆ្នាំ២០២៥ ផងដែរ។
ខាងក្រោមនេះគឺជាចំណុចពិសេសធំៗ៣នៃ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន៖
១. ផ្ដល់នូវគ្លីនីកចល័តទៅទីជនបទ
ថ្វីត្បិតតែមានទីតាំងនៅទីក្រុងភ្នំពេញក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលនេះក៏បានបើកនូវគ្លីនីកចល័តទៅកាន់តំបន់ជនបទដាច់ស្រយាលជាង១០០ភូមិ ផងដែរ ដើម្បីជួយដល់ប្រជាជនក្រីក្រដែលខ្វះខាត និងពិបាកទទួលសេវាកម្មសុខាភិបាល។ បន្ថែមពីនោះ Japan Heart ក៏បានធ្វើការជួយបណ្ដុះបណ្ដាលបន្ថែមដល់ Japan Heart បានបណ្តុះបណ្តាលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកម្ពុជាជាង១០០នាក់ផងដែរ។
២. ផ្ដល់អាហារូបករណ៍សិស្សជនបទ
ក្នុងឆ្នាំ២០១១ គឺមានគម្រោងថ្មីមួយឈ្មោះ The Bridge of Dreams ឬស្ពាននៃក្ដីស្រមៃ ដែលជាកម្មវិធីជួយផ្ដល់អាហារូបករណ៍ ដល់សិស្សក្រីក្រនៅតាមទីជនបទ ដែលមានក្ដីស្រមៃចង់ក្លាយជា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ប៉ុន្តែមិនមានលទ្ធភាពក្នុងការសិក្សាបន្តថ្នាក់មហាវិទ្យាល័យ ក៏នៅតែអាចធ្វើការបន្តក្ដីស្រមៃខ្លួនខ្លួនតាមរយៈការស្នើសុំអាហារូបករណ៍នេះបាន។ អ្វីដែលរឹតតែពិសេស ក្រោយបញ្ចប់ការសិក្សា ពួកគេអាចធ្វើជាអ្នកស្ម័គ្រចិត្ត ឬជាគ្រូពេទ្យប្រចាំនៅ Japan Heart ផងដែរ។
៣. ព្យាបាលជំងឺមហារីកឥតគិតថ្លៃ
បើតាមប្រសាសន៍របស់លោក Keisuke Honda បានឱ្យដឹងថាក្នុងឆ្នាំ ២០១៨ Japan Heart បានចាប់ផ្តើមផ្តល់ការព្យាបាលដោយឥតគិតថ្លៃ សម្រាប់ជំងឺមហារីកកុមារនៅក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដារវេជ្ជសាស្ត្រទាប ជាពិសេសដោយសារតែធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រអវិជ្ជមានកាលពីអតីតកាលរបស់ខ្លួន ក្នុងចំណោមប្រទេសនៅអាស៊ី។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនករណីអ្នកជំងឺនៅមន្ទីរពេទ្យនេះ គឺអាចប្រៀបធៀបទៅនឹងមន្ទីរពេទ្យកុមារឈានមុខគេរបស់ប្រទេសជប៉ុនផងដែរ។តាមរយៈការពង្រីកសកម្មភាពទាំងនេះបន្ថែមទៀត និងអាចឱ្យផ្តោតលើការអភិវឌ្ឍបុគ្គលិកពេទ្យ ហើយមន្ទីរពេទ្យថ្មីនឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារដោយឥតគិតថ្លៃ ជាលក្ខណៈអន្តរជាតិ ដែលតំណាងឱ្យតំបន់អាស៊ីទាំងមូល។ បន្ថែមពីនោះ បើតាមអ្វីដែល Japan Heart បានបញ្ជាក់គឺ គ្រាន់តែការបរិច្ចាគរបស់បងប្អូនត្រឹម១ម៉ឺនរៀលជាប្រចាំខែ គឺស្មើនឹងការជួយសង្គ្រោះជីវិតរបស់កុមារម្នាក់ពីជំងឺមហារីក។
គួរជម្រាបថា Japan Heart មានពីរទីតាំងក្នុងប្រទេសកម្ពុជា គឺមួយនៅភ្នំពេញ (ផ្ទះលេខ៣៥B, ផ្លូវ ៦០៦, សង្កាត់ ទួលគោក, ខណ្ឌ បឹងកក់២) និងមួយកន្លែងនៅខេត្តកណ្តាល ( ភូមិចតុមុខ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ) ។ ភាពខុសគ្នាសំខាន់រវាងមន្ទីរពេទ្យទាំងពីរ គឺមន្ទីរពេទ្យមួយនៅក្នុងខេត្តកណ្តាលមានឯកទេសខាងផ្នែកព្យាបាលជំងឺមហារីកកុមារ ចំណែកមន្ទីរពេទ្យមួយនៅភ្នំពេញផ្តល់ការថែទាំសុខភាពទូទៅ។ ប្រសិនបើបងប្អូនចង់ចូលរួមបរិច្ចាគជួយទ្រទ្រង់ Japan Heart អាចធ្វើការបរិច្ចាគតាមគណនីធនាគារដូចខាងក្រោម៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (096 351 77 13)