AI DeepSeek គឺជាកម្មវិធីមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០២៣ មកម្លេះដោយចំណាយទុនផលិតប្រមាណជាង៥លានដុល្លារ ហើយកាលពីខែមករា កន្លងទៅ DeepSeek បានដាក់ឱ្យប្រើប្រាស់ជាសកលនិងឥតគិតថ្លៃ ធ្វើឱ្យគេអ្នកប្រើប្រាស់យល់វាថាស្រដៀងទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ផងដែរ។ ជាមួយគ្នានោះដែរ នៅក្នុងនោះក៏មានប្រទេសចំនួន៤ និងរដ្ឋ១ បានបិទកម្មវិធី AI ចិន DeepSeek មិនឱ្យប្រជាជននិងមន្រ្តី ប្រើនោះទេ៖
១.សាធារណៈរដ្ឋឆែក៖ កាលពីកន្លងទៅនេះ រដ្ឋាភិបាលឆែក បានហាមមិនឱ្យប្រជាជនប្រើកម្មវិធី AI របស់ចិនគឺ DeepSeek នោះទេ ជាពិសេសនោះគឺរដ្ឋបាលសាធារណៈតែម្តងដោយសារតែបារម្ភអំពីសុវត្ថិភាពទិន្នន័យ។
នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala ក៏បាននិយាយថា រដ្ឋាភិបាលបានធ្វើការផ្អាកឱ្យប្រើប្រាស់ AI នេះ បន្ទាប់ពីទទួលបានការព្រមានពីក្រុមមើលសន្តិសុខតាមអ៊ីនធឺណិតជាតិ ដែលបានកត់សម្គាល់ពីការគំរាមកំហែងនៃការចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
២.តៃវ៉ាន់៖ រដ្ឋបាលតៃវ៉ាន់បានហាមប្រាមប្រជាជននិងភ្នាក់ងាររដ្ឋាភិបាលមិនឱ្យប្រើប្រាស់ AI DeepSeek និងប្រាប់ឱ្យពួកគេប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបច្ចេកវិទ្យារបស់ចិន ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខព័ត៌មានជាតិ។
៣.សហរដ្ឋអាមេរិក៖ ទោះបីជាមិនទាន់មានសេចក្តីប្រកាសហាមមិនឱ្យប្រើទូទាំងប្រទេស ប៉ុន្តែរដ្ឋតិចសាស់បានក្លាយជារដ្ឋដំបូងគេនៅអាមេរិកដែលហាមឃាត់មិនឱ្យមន្រ្តីរដ្ឋាភិបាលប្រើ DeepSeek លើឧបករណ៍ឌីជីថលជារបស់រដ្ឋ ព្រោះរដ្ឋបារម្ភអំពីការប្រមូលទិន្នន័យ AI ពីប្រទេសចិន។ ក្នុងនោះទីភ្នាក់ងារអវកាស NASA ក៏បានហាមឃាត់មិនឱ្យបុគ្គលិកទាំងអស់ប្រើ AI DeepSeek ដែរ។
៤.អ៊ីតាលី៖ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសដំបូងគេដែលហាមឃាត់ DeepSeek នៅពេលអេបនេះកំពុងមានប្រជាប្រិយភាពភ្លាមៗ ដោយអាជ្ញាធរការពារទិន្នន័យរបស់ប្រទេស បានបញ្ជាឱ្យប្លុកDeepSeek ពីការចូលប្រើប្រាស់របស់ប្រជាជនទាំងអស់តែម្តង ដើម្បីឱ្យពួកគេបញ្ឈប់ដំណើរការទិន្នន័យរបស់ខ្លួនលើ DeepSeek។
៥.អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់ DeepSeek ពីការប្រើប្រាស់គ្រប់រូបភាពទាំងអស់លើប្រព័ន្ធនិងឧបករណ៍របស់រដ្ឋាភិបាល កាលពីថ្ងៃដើមខែកុម្ភៈ ក្រោមហេតុផលការពារសន្តិសុខនិងទ្រព្យសម្បត្តិជាតិរបស់ប្រទេស។
គួរជម្រាបថា គួរជម្រាបថា DeepSeek AI របស់ចិនមានក្រុមហ៊ុនមេនៅទីក្រុង Hangzhou ដោយមានលោក Liang Feng ជាស្ថាបនិក៕