ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលទទួលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្តបុគ្គលនិងវាសនជននៅកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំណោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។
ហើយតាមរយៈការប្រមូលពន្ធលើប្រាក់បៀវត្សទាំងអស់នោះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសគម្រោងធំៗទាំង៧ នេះ ដែលរដ្ឋបានយកប្រាក់ពន្ធបៀវត្សប្រមូលបានទៅធ្វើ រួមមាន ៖
១. បើកប្រាក់បៀវត្សគ្រូពេទ្យ កងទ័ព គ្រូបង្រៀន នគរបាល មន្រ្តីរាជការ
២. ការពារបុរណភាពទឹកដី
៣. សាងសង់ មន្ទីរពេទ្យ ស្ពាន ថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត
៤. ផ្តល់សេវាសាធារណៈ (សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម សុខាភិបាល អប់រំ
៥. គាំពារសង្គម (ឧបត្ថម្ភគ្រួសារក្រីក្រ និងជនងាយរងគ្រោះ)
៦. សុខុមាលភាព និងលើកកម្ពស់សមភាពសង្គម
៧. ថវិកាបម្រុងសម្រាប់គ្រោះអាសន្ននិងវិបត្តិសេដ្ឋកិច្ចផ្សេងៗ
គួរជម្រាបថា •ប្រាក់បៀវត្ស សំដៅដល់ ប្រាក់សរុបដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះ ការបំពេញសកម្មភាពបម្រើការងាររបស់និយោជិត។ ប្រាក់បៀវត្ស រួមមាន បៀវត្ស ប្រាក់ឈ្នួល លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម៕