ផ្លូវជាតិលេខ១០ ដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗនេះ គ្រោងនឹងសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា គម្រោងផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ នៃខេត្ដកោះកុង។
ចំពោះការសាងសង់ត្រូវបានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងបានចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕