ឆាប់ៗនេះ ខេត្តត្បូងឃ្មុំនឹងមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំដោយគ្រោង នឹងលេចចេញជារូបរាងហើយនាពេលខាងមុខនេះហើយ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។
ថ្នាល “បណ្តុះកូនឈើ” ដ៏ធំបំផុតនៅកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដោយអាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំហើយក៏ជាថ្នាលមួយដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យផងដែរ។
គួរបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា៕