តស៊ូណាស់! ជិះកង់លក់ត្រីតាំងពីមួយថ្ងៃបាន២០គីឡូ លោកសំណាងប្រឹងរហូតអាចលក់ដាច់១ខែជាង ២០តោន
Sambat SokhlangNOVEMBER 3 2023167 views

ថ្វីបើពិការជើងមែនពិតតែមិនពិការគំនិត លោក សំណាង តស៊ូពុះពារបង្កើតមុខរបរលក់ត្រីងៀតចិញ្ចឹមជីវិតតាំងពី២០គីឡូ រហូតលក់កើនមួយខែឡើងដល់ជាង ២តោន និងរកចំណូលបានក្នុងមួយខែៗខ្ទង់ ២,០០០ ទៅ ៣,០០០ដុល្លារ។

បើតាមការឱ្យដឹងរបស់លោក សំណាង  បច្ចុប្បន្នជាម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យករបរនេះតាំងតែឆ្នាំ ២០០៣ មកម្ល៉េះ ពោលបើគិតមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំមកហើយ ដោយក្នុងនោះលោកមានផលិតនិងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងខេត្តសៀមរាបផ្ទាល់ និងរាជធានីភ្នំពេញ រួមជាមួយនឹងតាមបណ្តាលខេត្តក្បែរៗនោះ។ក្រៅពីការផ្គត់ផ្គង់នៅក្នុងស្រុកហើយ ផលិតផលរបស់លោកក៏មានឈ្មួញកណ្តាលនាំចេញក្រៅផ្លូវការទៅប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្រ្តាលី ជាដើម។

D4e94922 D7bd 4ff2 B21f 5ee1ca69fb1c

លោកបានបន្ថែមថា មូលហេតុដែលធ្វើឱ្យត្រីងៀតរបស់លោកទទួលបានការគាំទ្រខ្លាំងទាំងក្នុងនៅក្រៅប្រទេសបែបនេះគឺដោយសារតែ គុណភាពនៃផលិតផលនិងភាពសម្បូរបែបនៃប្រភេទត្រីងៀតនីមួយៗ ដោយគាត់បានប្រើប្រាស់ត្រីប្រភេទខុសៗគ្នា រួមមាន ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម។ ហើយក្នុងមួយខែៗសិប្បកម្មអាចផលិតត្រីងៀតបានជាមធ្យមចំនួន ២តោន ចំណែកឯតម្លៃនៃត្រីងៀតមានចាប់ពីតម្លៃ ៦ដុល្លារដល់ ១៥ដុល្លារក្នុងមួយគីឡូក្រាម។

ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យរីកចម្រើននៅក្នុងការរកស៊ីរបរត្រីងៀតនេះក៏ពិតមែន ប៉ុន្តែក្នុងនោះក៏នៅមានបញ្ហានិងផលលំបាកមួយចំនួនផងដែរ ដែលបញ្ហាប្រឈមមានដូចជា ការរៀបចំនិងអនាម័យនៅទីតាំងសិប្បកម្មនេះនៅខ្វះខាតសម្ភារបរិក្ខារមួយចំនួនដូចជាទូបង្កក ទូលាងដៃ ប្រព័ន្ធទឹកស្អាត បន្ទប់វេចខ្ចប់ និងបិទស្លាកសញ្ញា និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងការនាំចេញជាដើម។

Ab3a7fda 493a 47e0 986b 5e78ed6fbdb7

លុះក្រោយមក ដោយមានការគាំទ្រពីគម្រោងរបស់ CAPFish- Capture បានជួយឱ្យសិប្បកម្មរបស់លោក សំណាង  ទទួលបានការគាំទ្រជាច្រើនដូចជាបច្ចេកទេសលើការរៀបចំអភិវឌ្ឍន៍អាជីវកម្ម ការផ្សព្វផ្សាយ និងផ្សារភ្ជាប់ទីផ្សារ ស្លាកសញ្ញានិងការវេចខ្ចប់ ការធ្វើតេស្តគុណភាពផលិតផល និងបណ្តុះបណ្តាលបុគ្គលិកស្តីពីប្រព័ន្ធវិញ្ញាបនប័ត្រ CQS ។ ហើយនាពេលថ្មីៗនេះ សហគ្រាសទើបនឹងទទួលបានធុងក្លាសេ តុកាត់សាច់អ៊ីណុក  តុសម្រាប់វេចខ្ចប់ ម៉ាស៊ីនអ៊ុតឡូត៌ ទូលាងដៃសម្អាតដៃ ម៉ាស៊ីនផ្លុំកម្តៅ ទូក្លាសេ និងសម្ភារបរិក្ខាមួយចំនួនទៀត៕

1ae79c6a 8bb1 4fd9 8a1f C9fe9575d9c1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia