ជាដំណឹងដ៏រីករាយសម្រាប់កម្ពុជា ខណៈក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកបានកំពុងស្វែងរកឱកាសដើម្បីចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Yves Gonzalez ដែលជាតំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសេចក្ដីមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជាផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves Gonzalez ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖
១) បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២
២) រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
៣) ជួយរៀបចំគោលនយោបាយ Cloud First Policy
៤) ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និង
៥)ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ ក.ប.ទ. លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលកន្លងទៅ ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា៕
អត្ថបទដោយ៖ ឌឿក ស្រីនុត