ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់ទំនិញ ៣ មុខគឺបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលដកស្រង់ដោយក្រសួងព័ត៌មាន។
ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករនិងពាណិជ្ជករ ធុរជន និងសាធារណជន រួមមាន បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ ដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈមាន៥ប្រភេទ ដូចជា ៖ ប្រេងសាំង ,ប្រេងម៉ាស៊ូត ,ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ ,ប្រេងសាំងយន្តហោះ ។
ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់មុខទំនិញផ្សេងៗទៀត ក្រៅពីមុខទំនិញហាមឃាត់ខាងលើ គឺមិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលនោះទេ ។ អាជីវករនិងពាណិជ្ជករ នៅបន្តនាំចូលកម្ពុជាបានជាធម្មតា ដោយបំពេញបែបបទនិងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។
ចំពោះតម្រាយផ្លូវនិងមធ្យោបាយដឹកជញ្ជូនទំនិញ នាំចូលមកកម្ពុជា អាជីវករនិងពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្ដម៕