គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ មានទំហំ ៩៧,១ពាន់លានដុល្លារ ដែលចំនួននេះកើនឡើងដល់ ៧,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នេះបើយោងតាម របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
របាយការណ៍ខាងលើបានបង្ហាញថា ក្នុងចំណោមទ្រព្យសកម្មភាពទាំងនេះ ឥណទានអតិថិជនបានកើនឡើង២,៩% ស្មើនឹង ៦១,៨ ពាន់លានដុល្លារ, ប្រាក់បញ្ញើអតិថិជនមានកំណើន ១៤,៥% កើនដល់ ៦១,៥ ពាន់លានដុល្លារ, និងដើមទុនមានកំណើន ៥,៣% ស្មើនឹង ១០,៣ ពាន់លានដុល្លារ។
យ៉ាងណាមិញ ធនាគារជាតិបានគូសបញ្ជាក់ថា កំណើនឥណទានបន្តមានកម្រិតទាប ដូចឆ្នាំមុនដែរ ហើយឥណទានមិនដំណើរការបានកើនឡើងបន្តិចដល់៨.៣%។ ក្នុងស្ថានភាពនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបាន ធ្វើសំវិធានធនគ្រប់គ្រាន់ ព្រមទាំងរក្សាបានភាពរឹងមាំនៃដើមទុននិងកម្រិតខ្ពស់នៃសន្ទនីយភាព ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិត ២២,៨% សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និង ៣១,៦% សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ។
គួរជម្រាបផងដែរថា ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៩ ធនាគារឯកទេសចំនួន ៨ និងគ្រឹះស្ថានឥណទានជនបទចំនួន ១១២ នៅទូទាំងប្រទេសដោយមានគណនីបញ្ញើចំនួន ២៨.២ លាន និងគណនីឥណទានចំនួន ៤.៣ លាន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)៕