កម្ពុជានឹងមានទីតាំងសម្រាញ់រ៉ែមាសថ្មីមួយកន្លែងទៀតនាពេលឆាប់ៗខាងមុន ខណៈថ្មីៗនេះប្រឹក្សាអភិវឌ្ឍន៍ (CDC) ទើបនឹងចេញវិញ្ញាបត្រវិនិយោគជូនដល់ក្រុមហ៊ុនធំមួយដើម្បីធ្វើការរុករក ខណៈទុនវិនិយោគមានជាង ១០ ដុល្លារ និងបង្កើតឱកាសការងារបាន ៣០០ កន្លែងផងដែរ។
យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មាធិការរបស់ខ្លួន បានអនុម័តតាមការស្នើសុំពីក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។
សូមបញ្ជាក់ថា នេះជាទីតាំងចម្រាញ់មាស់ថ្មីមួយនៅកម្ពុជា ខណៈកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលដែលមានក្រសួងរ៉ែ និងថាមពលជាសេនាធិការ បានអនុញ្ញាតឲ្យក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មកពីប្រទេសអូស្ដ្រាលី បើកដំណើរការចម្រាញ់មាសជាលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។
បើតាមរបាយការន៍គិតចាប់តាំងពីថ្ងៃបើកដំណើរការរហូតមកដល់ខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹងចំនួន ៣,៥៤៣គីឡូ ខណៈកម្ពុជាបានទទួលចំណូលជាង ៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាសនេះ៕
អត្ថបទ៖ កឹម ប៊ុនធឿន