នៅពេលនេះពិភពលោកទាំងមូលកំពុងតែតាមដានលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មីដែលមានបេក្ខភាពចំនួន២គឺលោកស្រី Kamala Harris ជាបេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ។ ហើយជាលទ្ធផលបឋមឃើញថាលោកត្រាំបានឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់អាមេរិក។
ចំពោះលទ្ធផលបោះឆ្នោតប្រសិនបើលោក Donad Trump ឈ្នះធ្វើជាប្រធានាធិបតីម្ដងទៀត តើហាងឆេងមាសនឹងប្រែប្រួលយ៉ាងណា?
ជុំវិញសំណួរខាងលើនេះ បើយោងតាមការចុះផ្សាយរបស់Business Standard បានឲ្យដឹងថាប្រសិនបើលោក Donald Trump ឈ្នះធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិនោះហាងឆេងមាសនឹងមានទំនោរឡើងថ្លៃ។
ចំពោះមូលហេតុដែលមាសអាចនឹងឡើងថ្លៃពេលត្រាំឈ្នះឆ្នោតគឺដោយសារពេលត្រាំឡើងជាប្រធានាធិបតីម្ដងទៀតសង្រ្គាមពាណិជ្ជកម្មរបស់អាមេរិកនិងចិនកាន់តែឡើងកម្ដៅដែលកត្តានេះនឹងផ្ដល់ភាពវិជ្ជមានទៅដល់ហាងឆេងមាស។ ជាក់ស្ដែងមាសតែងតែឡើងថ្លៃពេលមានបញ្ហាភូមិសាស្រ្តនយោបាយ។
ផ្ទុយទៅវិញបើលោកស្រី Kamala Harris ឈ្នះឆ្នោតជាប្រធានាធិបតីស្រ្តីលើកដំបូងរបស់អាមេរិកនោះហាងឆេងមាសនឹងរងសម្ពាហើយមានទំនោរដាំក្បាលចុះវិញព្រោះគោលនយោបាយរបស់លោកស្រីផ្ដោតលើការទម្លាក់អតិផរណានិងមានការរំពឹងថានឹងនាំឲ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ច។
យ៉ាងណាមិញអ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែការព្យាករប៉ុណ្ណោះ។ ដូច្នេះមុននឹងសម្រេចចិត្តវិនិយោគបងប្អូនត្រូវសិក្សាស្វែងយល់ពីការវិនិយោគនីមួយៗឲ្យបានច្បាស់ដើម្បីចៀសវាងជួបហានិភ័យនិងខាតបង់លុយច្រើនដោយសារតែវិនិយោគលើអ្វីដែលយើងមិនយល់ច្បាស់៕