ក្រុមហ៊ុនតែងមានការផ្លាស់ញឹកញាប់! បញ្ហាចំនួន៥ធ្វើឱ្យបុគ្គលិក ដាក់ពាក្យលាឈប់ ពីការងារភ្លាមៗ
Ping Chou EngNOVEMBER 6 202416 views

ការ​ឈប់​ដោយ​សារ​បញ្ហា​ប្រាក់​ខែនិងតួនាទី​គឺ​ជា​រឿង​ធម្មតា​របស់បុគ្គលិកដែលធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឈានជើងទៅរកឱកាសរីកចម្រើនថ្មីៗនៅក្នុងអាជីពរបស់ពួកគេ។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនតែងមានការផ្លាស់ប្តូរ​បុគ្គលិកជាញឹកញាប់នោះ បញ្ហាចំនួន៥ អាចជាកត្តាដែលធ្វើឱ្យបុគ្គលិកដាក់ពាក្យលាឈប់ ពីការងារភ្លាមៗ ក្រោយពួកគេជួបបញ្ហាទាំងនេះអស់រយៈពេលជាយូរ។

 

. ខ្វះការយកចិត្តទុកឱ្យតម្លៃ៖ គ្មានបុគ្គលិកណាម្នាក់​ចង់​ឱ្យ​ការ​បំពេញ​ការងារ​របស់​ពួក​គេ​មិន​មាន​ការ​ទទួលស្គាល់នោះ​ទេ ជា​ពិសេស​ប្រសិនជា​ពួក​គេ​តែងថែមម៉ោងធ្វើការ ឬ​ធ្វើ​ការ​ខ្លាំង​ជាង​បុគ្គលិក​ផ្សេងទៀត។

 

ទន្ទឹមនឹងនេះនៅក្នុងការស្ទង់មតិរបស់ Workhuman ឆ្នាំ២០២៣ បានឱ្យដឹងថា ជាងពាក់កណ្តាលនៃបុគ្គលិកតែងមានអារម្មណ៍ថា ខ្វះការឱ្យតម្លៃទៅលើការងាររបស់ពួកគេ ពីសំណាក់ក្រុមហ៊ុននិង ខ្វះការកោតសរសើរ គួបផ្សំជាមួយនឹងបន្ទុកការងារដ៏ច្រើនលើសលប់។

 

ដើម្បីដោះស្រាយបញ្ហានេះ ថ្នាក់ដឹកនាំគួប្បីមាន កម្មវិធីទទួលស្គាល់ជាផ្លូវការ រួមមានរង្វាន់លើកទឹកចិត្ត និងការកោតសរសើរ សម្រាប់បុគ្គលិកដែលមានការងារកម្រិតខ្ពស់ន​ជា​ញឹក​ញាប់ ដូច្នេះ​បុគ្គលិកនឹង​មាន​អារម្មណ៍​ថា​ការងាររបស់ពួកគេត្រូវបានគេឃើញនិងទទួលស្គាល់។

 

. គ្មានឱកាសសម្រាប់ការរីកចម្រើនជាធម្មតាមនុស្សតែងចង់ធ្វើការងារប្រកបដោយអត្ថន័យ បំផុសគំនិត និងប្រកួតប្រជែងពួកគេធ្វើឱ្យពួកគេរីកចម្រើន។ ហេតុដូច្នេះនៅពេលដែលការងារនៅទ្រឹង ពួកគេនឹងស្វែងរកឱកាសថ្មី។

 

ក្នុងនោះយោងតាមរបាយការណ៍ស្តីពីទេពកោសល្យឆ្នាំ ២០២៣ របស់ស្ថាប័ន iHire បានឱ្យដឹងថាបុគ្គលិកជាង ២០ភាគរយបាននិយាយថាពួកគេបានចាកចេញពីការងារដោយសារតែខ្វះឱកាសរីកចម្រើន និងការរីកចម្រើន។

 

ដើម្បីដោះស្រាយបញ្ហានេះស្ថាប័ន iHire ក៏បានកត់សម្គាល់ថា មតិ២៨ភាគរយ នៃបុគ្គលិកបាននិយាយថាពួកគេនឹងបន្តនៅជាមួយក្រុមហ៊ុនជានិច្ច ប្រសិនបើក្រុមហ៊ុនបានផ្តល់ឱកាសដើម្បីឱ្យពួកគេរីកចម្រើន ដូចជា ឡើងតំណែង ផ្តល់នូវផ្លូវអាជីពច្បាស់លាស់និងការនិយាយគ្នាអំពីឱកាសនិងការរំពឹងទុក។

 

. ​វប្បធម៌មិនល្អក្នុងក្រុមហ៊ុន៖ យោងតាមការស្ទង់មតិពី HR Trends បានឱ្យដឹងថាបុគ្គលិកចំនួន៣៩ភាគរយបានបញ្ជាក់ថា កត្តាវប្បធម៌មិនល្អនៅក្នុងក្រុមហ៊ុន គឺជាហេតុផលចម្បងកដែលពួកគេមិនចូលចិត្តកន្លែងធ្វើការនិងលាឈប់។

 

តាមរបាយការណ៍របស់ Voice of the Workplace បានឱ្យដឹងថា វប្បធម៌ក្នុងក្រុមហ៊ុនមិនល្អដូចជា ក្រុមការងារពុល អ្នកដឹកនាំបែប Micro ការប្រៀបធៀប ការនិយាយ Bully រាងកាយនិងពាក្យសម្តី  គឺជាហេតុផលជំរុញឱ្យមានការផ្តាច់ខ្លួនម្តងបន្តិចៗពីបរិយាកាសការងារ រាំងស្ទះសមត្ថភាពនិងផលិតភាពការងារ រហូតដល់បុគ្គលិកលាឈប់តែម្តង។

 

. ខ្វះការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ iHire បាននិយាយថាការខ្វះឱកាសក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈគឺជាកត្តាមួយដែលជំរុញឱ្យបុគ្គលិកមានផែនការលាឈប់។ ដោយឡែកបុគ្គលិក២៧ ភាគរយបានឱ្យដឹងថាពួកគេនឹងរីករាយបន្តការងារទៀតប្រសិនបើមេរបស់ពួកគេផ្តល់ ឱកាសអភិវឌ្ឍវិជ្ជាជីវៈជាញឹកញាប់។

 

ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនគួប្បីផ្តល់តម្លៃនិង វិនិយោគលើការបណ្តុះបណ្តាលដើម្បី អភិវឌ្ឍន៍បុគ្គលិកជាប្រចាំ។ នៅពេលបុគ្គលិកម្នាក់បានស្ទាត់ជំនាញមួយកំប្លេលើការងារហើយ សូមផ្តល់ឱកាសបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ដើម្បីឱ្យពួកគេឈានទៅមុខក្លាយជាអ្នកដឹកនាំបង្កើតអ្នកដឹកនាំ។

 

. បញ្ហាផ្ទាល់ខ្លួន៖ បុគ្គលិក ២១ភាគរយបានលាឈប់ពីការងារដោយសារហេតុផលផ្ទាល់ខ្លួន។ ក្នុងនោះមានហេតុផលផ្ទាល់ខ្លួនជាច្រើនដើម្បីលាឈប់ពីការងារ រួមទាំងបញ្ហាសុខភាព ការផ្លាស់ប្តូរទីលំនៅ កាតព្វកិច្ចគ្រួសារ ការប្តេជ្ញាចិត្តការងាររបស់ប្តីប្រពន្ធ និងបញ្ហាជាច្រើនទៀត ខណៈពេលខ្លះបុគ្គលិកមិនចង់ចែករំលែកហេតុផលនោះឱ្យស៊ីជម្រៅឡើយ។

 

ជាការពិតការផ្លាស់ប្តូរបុគ្គលិកជារដ្តធម្មតាប៉ុណ្ណោះរបស់ក្រុមហ៊ុន ប៉ុន្តែប្រសិនបើក្រុមហ៊ុនកំពុងជួបប្រទះអត្រានៃផ្លាស់ប្តូរបុគ្គលិកញឹកញាប់ខ្លាំងពេក នោះវាចាំបាច់ណាស់ ដែលថ្នាក់ដឹកនំា ត្រូវយល់ពីមូលហេតុ និងរបៀប កាត់បន្ថយបញ្ហា។ ព្រោះថាការជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក គឺត្រូវការពេលវេលាច្រើន ការខិតខំប្រឹងប្រែងអ្នកដឹកនាំនិងប្រើលុយរបស់ក្រុមហ៊ុន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia