សញ្ញាល្អ! គម្រោងវិនិយោគចំនួន ៣១ តម្លៃសរុបជាង ២០០ លានដុល្លារត្រូវបាន CDC អនុម័តនៅក្នុងខែតុលា
Bunthoeun KoemNOVEMBER 6 2024158 views

នៅក្នុងខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣១ ដោយក្នុងនោះមានទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ ខណៈគម្រោងទាំងនេះក៏នឹងបង្កើតឱកាសការងារបានសរុបប្រមាណ ១.៦ ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋផងដែរ។

 

យោងតាមសេចក្ដីជូនដំណឹងរបស់ CDC កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់ខាងលើ មានគម្រោងចំនួន ២១ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងចំនួន ១០ គម្រោងផ្សេងទៀតស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច។ ជាការកត់សម្គាល់ក្នុងចំណោមគម្រោងទាំង ៣១ នេះ គឺមានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើងនិងកាបូប, គម្រោងបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗ។

 

នៅក្នុងនោះចំពោះរាជធានី-ខេត្ដដែលទទួលបានគម្រោងវិនិយោគនេះរួមមាន៖ ខេត្ដកំពង់ស្ពឺទទួលបាន ៨ គម្រោង, ខេត្ដស្វាយរៀងទទួលបាន ៥ គម្រោង, ខេត្ដព្រះសីហនុទទួលបាន ៥ គម្រោង, រាជធានីភ្នំពេញទទួលបាន ៣ គម្រោង, ខេត្ដកណ្ដាលទទួលបាន ២ គម្រោង, ខេត្ដកំពង់ចាមទទួលបាន ២ គម្រោង, ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ធំ ខេត្ដកំពត ខេត្ដកោះកុង ខេត្ដតាមកែង និងខេត្ដព្រះវិហារទទួលបានម្នាក់ ១ គម្រោង។

 

គួរបញ្ជាក់ផងដែរថា ក្នុងខែតុលានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅក្នុងលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥៣,៣៩ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្ដប់ ២៩,៤៧ ភាគរយនៃទុនវិនិយោគសរុប៕ 

 

465672987 988330156658584 4661998137843013751 N

465707417 988330186658581 4483302057796715668 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia