នាពេលថ្មីៗនេះ រោងចក្រចម្ងាញ់មាសថ្មីមួយទៀតនៅកម្ពុជា បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួនជាមួយផ្លូវការ។ ដោយការបើកដំណើរការនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
រោងចក្រចម្រាញ់មាសថ្មីខាងលើនេះត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលក្នុងនោះបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩% ។ តាមគម្រោងសាកល្បង ៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ចំនួន ៦០គីឡូក្រាម។
សូមជម្រាបថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែនិងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២ នេះ៕
អត្ថបទ៖ កឹម ប៊ុនធឿន