ធ្លាប់ហោះមកកាន់ទឹកដីកម្ពុជាជាលើកដំបូងក្នុងឆាកជីវិតក្នុងឆ្នាំ ២០១៥ កីឡាករបាល់ទាត់ល្បីឈ្មោះលំដាប់ពិភពលោក Keisuke Honda ត្រូវបានសណ្ដំមន្តស្នេហ៍ដោយទឹកដីសុវណ្ណភូមិ ដែលធ្វើឱ្យលោកជាប់ចិត្តស្រលាញ់ជាមួយនឹងទឹកដីដ៏ត្រជាក់ដូចទឹកអម្រិត ពោរពេញដោយប្រជាជនមានស្នាមញញឹមរួសរាយរាក់ទាក់បំផុតលើលោកមួយនេះ។
៣ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ ២០១៨ លោក Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាអ្នកចាត់ការទូទៅ។ ចាប់តាំងពីពេលនោះមក លោកបានបម្រើការងារដឹកនាំក្រុមកីឡាកកម្ពុជាហ្វឹកហាត់ ប្រកួត និងពង្រឹងសមត្ថភាពជាប្រចាំ ដោយមិនយកប្រាក់ខែសូម្បីតែ១ដុល្លារ។ តើអ្វីដែលជាមូលហេតុធ្វើឱ្យលោកសម្រេចចិត្តមកដឹកនាំក្រុមបាល់ទាត់កម្ពុជា ដោយមិនយកប្រាក់ខែបែបនេះ? ចម្លើយគឺ ក្ដីស្រមៃដ៏មហិមា ដែលមានតម្លៃលើសប្រាក់ខែទ្វេដង។
ថ្លែងកាលពីឆ្នាំ ២០១៨ លោកបានកោតសរសើរប្រជាជនកម្ពុជាថា ជាមនុស្សមានភាពស្មោះត្រង់ ជាមនុស្សដែលមានការតស៊ូខ្ពស់ កម្ពុជាមានវប្បធម៌គួរឱ្យចាប់អារម្មណ៍ ដែលស្រដៀងនឹងជនជាតិជប៉ុនរបស់លោកផងដែរ។
ក្ដីស្រមៃធំៗចំនួន ៣ ដែលលោកចង់ឃើញការផ្លាស់ប្ដូរសម្រាប់កម្ពុជាគឺ ទី១ លោកចង់ឃើញកីឡាករទាំងអស់អាចបញ្ចេញសក្ដានុពលដ៏អស្ចារ្យពីក្នុងខ្លួនពួកគេ និងអាចមានស្ទីល ឬរសនិយមនៃការលេងជារបស់ខ្លួន។ ទី២ គឺចង់បង្ហាញពិភពលោក ឱ្យស្គាល់ពីភាពស្រស់ស្អាតនៃប្រជាជនកម្ពុជា និងប្រទេសកម្ពុជា និងទី៣ ដែលជាក្ដីស្រមៃធំបំផុតមួយផងដែរគឺ លោកចង់ឃើញក្រុមបាល់ទាត់កម្ពុជា អាចមានឱកាសលេងនៅព្រឹត្តិការណ៍ World Cup មុនពេលដែលលោកស្លា.ប់។ លោកជាមនុស្សដែលបំផុសឱ្យមនុស្សមានក្ដីសុបិន ហើយហ៊ានដើរតាមក្ដីសុបិនខ្លួនឯងឱ្យបានមោះមុតបំផុត។
គួរជម្រាបផងដែរថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយលទ្ធផលបរាជ័យ ២៖១ ធ្វើឱ្យកម្ពុជាមិនអាចឡើងទៅវគ្គបន្ដ នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២នេះបានឡើយ។ ហើយការប្រកួតនេះ ក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីលោកបានចំណាយពេលលះបង់ជូនកម្ពុជាយើង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៨មក៕