ដំណឹងល្អសម្រាប់អ្នកដែលតែងតែចង់ទិញរថយន្តអគ្គិសនី ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ ខណៈពេលនេះក្រុមហ៊ុន General Motors (GM) ដែលជាក្រុមហ៊ុនផលិតរថយន្តចម្រុះជាតិសាសន៍របស់សហរដ្ឋអាមេរិកបានបញ្ចេញនៅកូនឡានអគ្គិសនីម៉ូឌែលថ្មីរបស់ខ្លួនលក់ក្នុងតម្លៃក្រោម១ម៉ឺនដុល្លារ ដោយសាកថ្មម្តងអាចជិះបានជាង២០០គីឡូ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីនេះបានឱ្យដឹងថា កូនរថយន្តអគ្គិសនីរបស់ GM ម៉ូឌែល Wuling Bingo បានចេញលក់ក្នុងតម្លៃ ៨,៦០០ ដុល្លារនៅក្នុងប្រទេសចិនជាមួយសម្ថភាពមិនចាញ់រថយន្តដែលមានតម្លៃថ្លៃប៉ុន្មានទេ ពោលគឺសាកសមបំផុតសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។
Wuling Bingo Mini EV គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានកៅអីចំនួន៤ ដែលមាប្រវែង៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកំពស់ ១.៥៨ ម៉ែត្រ មានកម្លាំង ៤១ សេះ សាកមួយពេញ អាចធ្វើដំណើរម្តងបានរយៈចម្ងាយ២០៣ គីឡូម៉ែត្រ។ មួយវិញទៀតសម្រាប់ថ្មថាមពល ៣១.៩ kWh វិញមានកម្លាំងរហូតដល់ទៅ ៦៨ សេះ អាចរត់បាន ៣៣៣ គីឡូម៉ែត្រ ពោលរថយន្តប្រភេទនេះគឺល្អមែនទែនសម្រាប់ការជិះប្រចាំថ្ងៃ ងាយស្រួលធ្វើដំណើរជិតៗប្រចាំថ្ងៃ។