កាលពីពេលថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ (The Rapper Cambodia) ដែលមានលោក វណ្ណដា និងលោក ជូវីលីន ជាគណៈកម្មការ ហាក់កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។
យ៉ាងណាមិញ បើយើងងាកមកមើលសវតារបស់កម្មវិធី The Rapper គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបកំពុងពេញនិយមបំផុតមួយ មានដើមកំណើតចេញពីការសហការគ្នារវាងក្រុមហ៊ុនកម្សាន្តចំនួន២ របស់ប្រទេសថៃគឺ Workpoint Entertainment Public Company Limited និង Round Table Television Company Limited, ចាក់ផ្សាយនៅលើប៉ុស្តិ៍ Workpoint ក្នុងឆ្នាំ២០១៨។
លើសពីនេះ កម្មវិធីទូរទស្សន៍ Vie Channel របស់ប្រទេសវៀតណាមបានទិញសិទ្ធិ The Rapper ហើយបង្កើតវាទៅជាកម្មវិធីភាសាវៀតណាមក្រោមឈ្មោះ Rap Viet ឬ The Rapper Vietnam Season 1 ដែលចាក់ផ្សាយដំបូងនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្នកម្មវិធីនេះបង្កើតបាន ៣រដូវកាលមកហើយ។
ក្នុងនោះ ទាំងកម្មវិធី The Rapper ថៃ និងវៀតណាម អាចទាញអ្នកទស្សនាច្រើនបំផុតជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស និងបានធ្វើបដិវត្តន៍វិស័យរ៉េប (Rap) និង ហ៊ីបហប (Hip Hop) របស់ខ្លួនឆ្ពោះទៅកម្រិតខ្ពស់មួយទៀត ដោយបានបង្កើតធនធានតារាចម្រៀងរ៉េដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនដូចជា៖ Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត។
គួរជម្រាបផងដែរថា The Rapper Cambodia Season 1 ត្រូវបានផលិតដោយផលិតកម្មបារមីរួមសហការជាមួយភ្លើងគប់។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះបានធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន នារាត្រីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០-១០:៣០នាទីយប់ រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦