ការចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង ដោយប្រើទុនបម្រុងពីធនាគារ គឺជាជម្រើសមួយដែលមានហានិភ័យខ្ពស់បំផុត និងមិនត្រូវបានណែនាំដោយអ្នកជំនាញនោះទេជាពិសេសសម្រាប់អ្នករកស៊ីថ្មីថ្មោងដែលខ្វះខាតទាំងទុន ស្ទើរទាំងបទពិសោធន៍។
ប៉ុន្តែការប្រើកម្ចីពីធនាគារ ដើម្បីពង្រីកមុខជំនួញបន្ថែមឱ្យកាន់តែធំវិញ វាជាជម្រើសល្អបំផុតមួយផងដែរ ព្រោះមានសហគ្រិនជាច្រើនជំនាន់ និងអ្នកជំនួញធំៗជាច្រើននាក់ដែលនិយមប្រើកម្ចីពីធនាគារយកមកពង្រីកអាជីវកម្ម ។ ប៉ុន្តែសួរថាតើយើងត្រូវត្រៀមខ្លួនបែបណាខ្លះដើម្បីទទួលបានកម្ចីសម្រាប់អាជីវកម្ម?
១. កសាងប្រវត្តិបំណុលល្អ
មិនមែនគ្រប់បំណុលសុទ្ធតែអាក្រក់ ហើយរិតតែមិនមែនរាល់បំណុលសុទ្ធតែល្អទាំងអស់នោះដែរ ។ការយកប្រាក់កម្ចីមកប្រើខុសគោលដៅ វារុញច្រានឱ្យអ្នកធ្លាក់
ទៅក្នុងភាពទាល់ច្រកដោយមិនអាចសងត្រលប់ទៅកាន់ម្ចាស់បំណុលទាន់ពេលវេលាកំណត់រហូតឈ្មោះរបស់អ្នកធ្លាក់ចូលទៅក្នុងបញ្ជីបុគ្គលមានប្រវត្តិបំណុលអាក្រក់
ដែលអ្នកនឹងមិនអាចទទួលបានប្រាក់កម្ចីបន្តទៀតឡើយ ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ប្រាក់កម្ចី ដោយត្រូវទិសដៅវានឹងជួយបង្កើនចំណូលរបស់អ្នករហូតបំណុលក្លាយជាទ្រព្យ ហើយអ្នកនឹងមិនពិបាកទទួលបានប្រាក់កម្ចីនៅឱកាសក្រោយៗឡើយ ។
២. ផែនការអាជីវកម្ម និងគោលបំណងនៃកម្ចី
តាំងពីមុនពេលដែលចាប់ផ្ដើមរកស៊ីមកម៉្លេះ ម្ចាស់អាជីវកម្មត្រូវមានគម្រោងអាជីវកម្មឱ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានជាមុនសិន ពោលគឺចាប់ផ្ដើមអាជីវកម្មដោយសារមូលហេតុអ្វីខ្លះ ។ ចាប់ផ្ដើមដោយសារចង់ជួយដោះស្រាយបញ្ហាមនុស្ស? មើលឃើញឱកាស? មានសម្ពាធ? ឬដោយសារតែមើលឃើញមនុស្សជុំវិញខ្លួនកំពុងតែកាក់កបនៅរបរណាមួយ ?
ដូច្នេះអ្នកត្រូវរៀបចំគម្រោងអាជីវកម្មអ្នកឱ្យបានច្បាស់លាស់ និងបង្ហាញពីភាពជាក់លាក់នៃការប្រើប្រាស់កម្ចី ដែលគ្រោងនឹងទទួលបាននោះបែបណាខ្លះ ទើបធនាគារព្រមជឿជាក់ ទុកចិត្ត ឈានទៅដល់ការអនុម័តផ្ដល់កម្ចីឱ្យអ្នក។ ត្រូវចាំថា ភាពមិនច្បាស់លាស់នៃគម្រោងអាជីវកម្ម ឬគោលបំណងនៃការប្រើប្រាស់កម្ចីមិនត្រឹមត្រូវ វាអាចនាំឱ្យការស្នើកម្ចីបរាជ័យដោយស្វ័យប្រវត្តិតាំងពីជំហាននេះម៉្លេះ ។
៣. របាយការណ៍ហិរញ្ញវត្ថុ ( ចំណាយ ចំណូល ចំណេញ)
ចំណុចទី៣នេះរិតតែសំខាន់ ព្រោះបើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកមានភាពមិនប្រក្រតី ធនាគារក៏នឹងមិនពិចារណាក្នុងការផ្ដល់កម្ចីដល់អ្នកផងដែរព្រោះគេក៏ព្រួយបារម្ភខ្លាចអាជីវកម្មអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុ ឬឈានដល់ការក្ស័យធនជាដើម ។
អាស្រ័យហេតុនេះ អ្នកត្រូវត្រៀមរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជាពិសេសគឺទាក់ទិននឹងចំណាយ ចំណូលចំណេញជាដើម ព្រោះវាជាកត្តាដែលធនាគារនឹងប្រើដើម្បីវាស់វែងលទ្ធភាពសងត្រឡប់របស់អ្នកទៅកាន់ធនាគារវិញ ។
៤. ទ្រព្យធានា
ស្ថាបនិក MobileCoffee រូបនេះ បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម នៅពេលដែលការរកស៊ីចាប់ផ្ដើមទទួលបានប្រាក់ចំណេញ សូមប្រើប្រាស់ប្រាក់ចំណេញនោះដោយភាពវៃឆ្លាត ពោលគឺជៀសវាងយកប្រាក់ទាំងនោះទៅចាយវាយដើម្បីភាពហុឺហាផ្ទាល់ខ្លួនទាំងដែលខ្សែកោងប្រាក់ចំណូលអាជីវកម្មហាក់នៅមិនទាន់មានស្ថេរភាព ។
លោកបានបន្ថែមថា ជម្រើសដ៏ត្រឹមត្រូវគឺ មិនត្រូវយកប្រាក់ចំណេញថ្មីៗទាំងនោះទៅទិញបំណុលឡើយ ផ្ទុយទៅវិញគឺត្រូវសម្លឹងឱកាសក្នុងការទិញទ្រព្យដូចជា ផ្ទះ ដី ឬទ្រព្យដទៃទៀត ដែលទ្រព្យទាំងអស់នោះ នឹងក្លាយជាទ្រព្យធានាទៅថ្ងៃក្រោយ អាចឱ្យអ្នកប្រើប្រាស់សម្រាប់ស្នើប្រាក់កម្ចីពីធនាគារបានដោយឯករាជ្យ ។ ជាទូទៅ ធនាគារអាចផ្ដល់ទំហំកម្ចីខ្ទង់ ៧០% នៃតម្លៃទ្រព្យធានារបស់អ្នក។ ចំពោះការស្នើរសុំកម្ចីពីធនាគារ គឺត្រូវរង់ចាំជាមធ្យមចំនួន ២ ទៅ៣ សប្ដាហ៍។
គួរជម្រាបថា បច្ចុប្បន្នយីហោកាហ្វេក្នុងស្រុកល្បីឈ្មោះមួយនេះពង្រីកខ្លួនបានចំនួន ១៥សាខា និងគ្រោងនឹងពង្រីកខ្លួនជាច្រើនសាខាបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម អ្នកអាចស្វែងរក MobileCoffee តាមរយះហ្វេសបុកផេកផ្លូវការរបស់ ម៉ូបាលខូហ្វីតាមរយះ https://www.facebook.com/mobilecoffeekh
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 0963517713