ធ្លាប់ជានិស្សិតដែលបានសិក្សានៅសកលវិទ្យាល័យកសិកម្មផ្នែកបរិញ្ញាបត្រវិទ្យាសាស្រ្តកសិកម្មនិងធ្លាប់បានចូលរួមកម្មវិធី Internship Program ទៅសិក្សានៅប្រទេសអ៊ីស្រាអែលរយៈពេល ១១ខែ ពេលរៀនចប់ក៏ត្រឡប់មកប្រទេសកំណើតវិញលោកអុន សីហា បានធ្វើការឱ្យគេបានមួយរយៈ ក៏ងាកមកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយដាំបន្លែបណ្តុះនៅលើដំបូលផ្ទះអាចរកចំណូលបាន៥០០ដុល្លារក្នុងខែ។
លោក អុន សីហា បច្ចុប្បន្នជាស្ថាបនិកទីក្រុងបណ្តុះ បានបង្ហើបពីសាច់រឿងប្រាប់ចាបក្រហមថា សម្រាប់អាជីវកម្មរបស់លោកគឺបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មកម្លេះ ដោយលោកបានចាយទុនប្រមាណ ២ពាន់ដុល្លារ ហើយមូលហេតុដែលលោកបានចាប់ផ្តើមរបរពពួកបន្លែបណ្តុះនេះឡើងគឺលោកសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាយើងចំពោះបន្លែប្រភេទបណ្តុះនេះគឺមិនទាន់មានអ្នកធ្វើនៅឡើយទេ ពោលគឺមានតែជនជាតិបរទេសម្នាក់ដែលជាជនជាតិអូស្រ្តាលីប៉ុណ្ណោះដែលបានមកធ្វើនៅក្នុងប្រទេសរបស់យើង។
ប៉ុន្តែជនជាតិបរទេសដែលបានបណ្តុះបន្លែនៅប្រទេសកម្ពុជាគឺគាត់បណ្តុះចេញមកមិនសូវបានផលល្អឡើយដោយសារតែពួកគាត់មិនបានដឹងច្បាស់ពីវត្ថុធាតុដើមនៅក្នុងប្រទេសយើង ប៉ុន្តែបើក្រឡេកមកមើលបន្លែបណ្តុះរបស់លោកសីហាវិញគឺទទួលបានផលល្អខ្លាំងណាស់ ដោយសារតែលោកបានយកដីបាតបឹងមកដាំបន្លែចម្រុះនេះទើបជារឿយៗវាតែងតែទទួលបានផលល្អព្រោះដីមានជីវជាតិគ្រប់គ្រាន់។
ស្ថាបនិកទីក្រុងបណ្តុះបានបន្ថែមថា សម្រាប់បន្លែដែលលោកបានបណ្តុះនេះគឺមិនចាំបាច់ទាល់តែមានផ្ទៃដីធំទូលាយទើបអាចចាប់ផ្តើមបានទេ គឺលោកច្នៃតែលោកដំបូលផ្ទះដាំតែប៉ុណ្ណោះដោយបន្លែដែលលោកដាំមានដល់ទៅ១២ ប្រភេទឯណោះគឺមានដូចជា៖ឆៃថាវស្វាយ ឆៃថាវស ឆៃថាវពណ៌ផ្កាឈូក ស្ពៃបណ្តុះ កូនល្ងខ្មៅ ផ្កាឈូករ័ត្ន ត្រកួនតៃវ៉ាន់បណ្តុះ សណ្តែកលឿងកូរ៉េ ខាត់ណាឡាស៊ីណាតូស្លឹករួញ សណ្តែកហោឡាំតាវបណ្តុះ ខាត់ណាឡាស៊ីណាតូ សាឡាដរ៉ូកែត។
ក្រឡេកមកមើលពពួកបន្លែបណ្តុះនេះវិញលោក សីហា បានពន្យល់ពីអត្ថប្រយោជន៍វាថា គឺមានសារជាតិចិញ្ចឹមនៅក្នុងបន្លែបណ្តុះ ដោយមានសារជាតិចិញ្ចឹមវីតាមីន C និងវីតាមីន A ច្រើនជាបន្លែដទៃ៨ដងឯណោះ និងមានសារធាតុអុកស៊ីតកម្មដែលអាចប្រឆាំងជាមួយជំងឺមហារីផងដែរ។
លោក អុន សីហា ស្ថាបនិកទីក្រុងបណ្តុះ បានបញ្ជាក់ថា សម្រាប់ការបណ្តុះបន្លែនេះលោកអាចផ្គត់ផ្គង់ក្នុងទីផ្សារបាន១ឆ្នាំពេញតែម្តង ពោលទោះជាមានបុណ្យទាន ក៏អាចផ្គត់ផ្គង់បានដែរ ពីព្រោះតែបន្លែប្រភេទខាងលើនេះ ប្រើពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផល និងមិនមានប្រើសារធាតុគីមីដាក់ថ្នាំ ឬសារជាតិគីមីកសិកម្ម បង្កឱ្យមានផលប៉ះពាល់ដល់អ្នកទទួលទាន ព្រោះតែបន្លែលោកមានចំណុចពិសេសបែបនេះហើយទើបធ្វើឱ្យលោកចាយទុនតិចក្នុងការបង្កើតរបរនេះនិងអាចរកចំណូលត្រឡប់មកវិញបានជាង ៥០០ដុល្លារក្នុងខែ៕
អត្ថបទ៖ ធី ស្រីល័ក្ខ