កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ រោងចក្រដំឡើងរថយន្ត Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បានសម្ពោធបើកឲ្យដំណើរការជាផ្លូវការហើយ។
កម្មវិធីសម្ពោធជាផ្លូវការនេះ មានការអញ្ចើញចូលរួមពី សំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន។
រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបាននិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនសរុបចំនួន ២១ លានដុល្លារ។
តាមការបញ្ជាក់ពីក្រុមហ៊ុន Ford រថយន្តដែលត្រូវបានដំឡើងនៅឆ្នាំទី១ មានពីរម៉ូឌែលគឺ Ford Renger និង Ford Everest ហើយការដំឡើងនេះមានចំនួន ៤៥០០ គ្រឿង ៣៥០០ គ្រឿងជាប្រភេទ Ford Everest និង ១០០០ គ្រឿទៀតជា ប្រភេទ Ford Ranger ។ សម្រាប់ឆ្នាំទី២ នឹងដំឡើង ៣ ម៉ូឌែល ដែលមានសរុបចំនួន ៦ ពាន់គ្រឿង ក្នុងនោះ Ford Ranger ៤២០០ គ្រឿង ,Ford Everest ១២០០ គ្រឿង និង Ford Mini SUV ៦០០ គ្រឿង ។ ចំពោះឆ្នាំទី ៣ វិញនឹងដំឡើងចំនួន ៧២០០ គ្រឿង ក្នុងនោះ Ford Ranger ៥០៤០ គ្រឿង Ford Everest ១៤៤០ គ្រឿង និង Ford Mini SUV ៧២០ គ្រឿង។ ការដំឡើងនឹងកើនឡើងទៅឆ្នាំនីមួយៗរហូវដល់ឆ្នាំទី ៦ ក្រុមហ៊ុនបានបន្ថែមការដំឡើង ២ ម៉ូឌែលទៀតគឺ ម៉ូឌែល Ford mid size SUV ១ពាន់់គ្រឿង និង Ford Small size sedan ចំនួន ១០០០ គ្រឿងផងដែរ។
សូមបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។ មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ