ឆ្លៀតពេលទំនេរពីការសិក្សា និស្សិតស្រី៣រូប ដែលកំពុងតែសិក្សាជំនាញផ្នែកចំណីអាហារឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ដៃគ្នាច្នៃសណ្តែកធ្វើជាភេសជ្ជៈ បច្ចុប្បន្នកំពុងតែទទួលការគាំទ្រពីនិស្សិតរៀននៅទីនោះនិងទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កញ្ញា អ៊ុង រង់ផលទេវី បានបង្ហើបថា ចំពោះអាជីវកម្មផលិតទឹកសណ្តែកនេះទើបតែបើកដំណើរកាលបានរយៈពេល ១០ខែទេ ដែលអាជីវកម្មមួយនេះបានដាក់ឈ្មោះថាអូនសណ្តែក ចំពោះដើមចមដំបូងដែលនាំឱ្យកញ្ញាចាប់នៅរបរមួយនេះដោយសារកាលនោះសាលាបានរៀបចំកម្មវិធីមួយឱ្យនិស្សិតដែលមានគំនិតបែប Business អាចទៅចូលរួមប្រឡងប្រជែងដើម្បីយកទុនមកបង្កើតអាជីវកម្មបាន។
កញ្ញា រង់ផលទេវី ដែលជានិស្សិតតំណាងឱ្យសមាជិក ២រូបទៀត បានបន្តថា ក្រោយពីសាលាប្រកាសបែបនេះកញ្ញាព្រមទាំងមិត្តភភ្តិពិតជាចាប់អារម្មណ៍ខ្លាំងណាស់ព្រោះពេលកំពុងសិក្សាកញ្ញាធ្លាប់សាកល្បងធ្វើទឹកសណ្តែកនេះពេលកំពុងរៀនដូច្នេះកញ្ញាក៏បានដាក់ពាក្យប្រកួតក្នុងកម្មវិធី STEM Education Local Partnership Program of HEIP (Higher Education Improvement Project) របស់ក្រសួងអប់រំ និងវិទ្យាស្ថានបច្ចេកវិទ្យាផ្ទាល់តែម្តង អ្វីដែលកាន់តែអស្ចារ្យទៀតនោះកញ្ញាព្រមទាំងសមាជិក២នាក់ទៀតក៏បានប្រកួតឈ្នះទឹកប្រាក់រហូតដល់ទៅ ៣ពាន់ដុល្លារដើម្បីមកបើកអាជីវកម្មនេះ។
កញ្ញាទេវី បានបន្ថែមថា ក្រោយពីឈ្នះទឹកប្រាក់នេះមកកញ្ញាព្រមទាំងសមាជិក ២នាក់ទៀត បាននាំគ្នាច្នៃសណ្តែកធ្វើជាភេសជ្ជៈដាក់លក់នៅក្នុងសាលារៀនក៏ដូចជាមានការដឹងជញ្ជូនលក់នៅក្រៅផងដែរ ដោយទឹកសណ្តែកពីដំបូងឡើយគ្រាន់តែប្រើទូធម្មតាលក់ប៉ុណ្ណោះ តែពេលនេះកញ្ញាបានប្រើជាទូអគ្គិសនីដែលអតិថិជនអាចធ្វើការទិញដោយប្រើប្រាស់បច្ចេកវិទ្យា ចំពោះទូនេះគ្រាន់តែស្កេនដើម្បីបង់ប្រាក់ហើយយើងចុចលេខណាដែលយើងចង់បានគឺដបនឹងធ្លាក់ចុះក្រោមហើយ។
នៅក្នុងនោះដែរ កញ្ញាទេវី ក៏បានអរគុណទៅដល់ក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា លោកគ្រូអ្នកគ្រូដែលបានផ្តល់ឱកាស និងជម្រុញនិស្សិតឲ្យបង្កើតអាជីវកម្មអូនសណ្តែកឡើងរហូតដល់បានដំណើរការដូចពេលបច្ចុប្បន្ន។
កញ្ញាទេវី ដែលជានិស្សិតច្នៃសណ្តែកធ្វើជាភេសជ្ជៈ បានបញ្ជាក់ថា ក្រៅពីទំនេរពីការសិក្សាកញ្ញាក៏បានយកពេលទៅធ្វើទឹកសណ្តែកតែម្តងជាមួយសមាជិក២នាក់ទៀត ហើយសម្រាប់ទីកន្លែងផលិតនេះគឺនៅសាលាតិចណូផ្ទាល់តែម្តងដោយសារតែការធ្វើអាជីវកម្មផលិតទឹកសណ្តែកនេះគឺមានការជួយជ្រោមជ្រែងពីសាលាផ្ទាល់ ដូច្នេះសូម្បីតែកន្លែងលក់នឹងកន្លែងផលិតផ្ទាល់គឺសាលាជួយទាំងអស់ មិនតែប៉ុណ្ណោះពេលនេះធីមផលិតទឹកសណ្តែកក៏កាន់តែកើនសមាជិកហើយ ដោយមានសមាជិកជួយផលិតឡើងដល់ទៅ១៦នាក់ ចំណែកកញ្ញានឹងមិត្តភភ្តិ២នាក់ទៀតគឺជួយមើលបន្ថែមពីខាងលើផងដែរ។
កញ្ញា អ៊ុង រង់ផលទេវី បានសង្កត់ធ្ងន់ថា ទោះបីពេលនេះអាជីវកម្មផលិតទឹកសណ្តែកនេះទើបតែលក់បាន១០ខែក៏ដោយ តែសន្ទុះនៃការគាំទ្រគឺមានការកើនឡើងគួរសមពីព្រោះគ្រប់វត្ថុធាតុដើមដែលកញ្ញាទិញមកផលិតគឺសុទ្ធតែផលិតផលក្នុងស្រុក ដូច្នេះហើយប្រសិនជាថ្ងៃនិស្សិតរៀនធម្មតាគឺកញ្ញាអាចផលិតបាន 30 ទៅ៤០ ដបឯណោះសម្រាប់លក់ ចំណែកថ្ងៃខ្លះដែលសាលាមានកម្មវិធីនានាក៏អាចលក់ហក់ឡើងបាន ២០០ ទៅ៥០០ដបក្នុងរយៈពេល២ថ្ងៃផងដែរ។ ដូច្នេះសម្រាប់លោកអ្នក ដែលចង់កម្មង់អូនសណ្តែកអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 096 943 0887 ឬតាមរយៈហ្វេសប៊ុកផេក៖ អូនសណ្តែក៕
អត្ថបទ៖ ធី ស្រីល័ក្ខ