កុំខ្លាចលក់ផ្ទះមិនចេញ! អនុវត្តគន្លឹះទាំង ៥ នេះនឹងជួយឱ្យអ្នកលក់ផ្ទះឆាប់ដាច់
Bunthoeun KoemNOVEMBER 4 2022477 views

ជាទូទៅនៅពេលដែលអ្នកចង់លក់ផ្ទះគឺតែងតែចង់ឱ្យលក់ឆាប់ ប៉ុន្តែរាល់អតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក គឺពិចារណាច្រើនចំណុចទាក់ទងនិងតម្លៃ គុណភាពសំណង់ ឬទីតាំងជាដើម។​​ ដូច្នេះត្រូវទាមទារឱ្យអ្នកត្រូវមាន​សិល្បៈ និងសិល្បវិធី​ជាច្រើន​ដើម្បីទាក់ចិត្តអតិថិជន​ឱ្យសម្រេចចិត្តទិញបាន។

ជាក់ស្ដែងយោងតាមការដកស្រង់ចេញពីគេហទំព័រ Invesstopedia ក៏បានបង្ហាញពី គន្លឹះ៥ យ៉ាងដែលជួយឱ្យលោកអ្នកលក់ផ្ទះឆាប់ដាច់៖

១. សហការជាមួយភ្នាក់ងារអចលនទ្រព្យ

ការសហការជាមួយភ្នាក់ងារអចលនទ្រព្យគឺជាវិធីសាស្រ្តមួយដ៏ល្អ និងមានហានិភ័យទាបចំពោះអ្នកដែលមិនសូវមានបទពិសោធន៍ក្នុងការលក់ផ្ទះពីមុនមក ក៏ដូចជាអ្នករវល់ការងារច្រើនគ្មានពេលចាត់ចែងការដាក់លក់ដោយខ្លួនឯង។ ហើយប្រសិនបើលោកអ្នកជ្រើសរើភ្នាក់ងារអចលនទ្រព្យពួកគេនឹងជួយអ្នកក្នុងដំណើរលក់ការទាំងមូល ដោយមើលការខុសត្រូវមិនថាការថតរូបផ្ទះរបស់អ្នក ក៏ដូចជាការចរចាតម្លៃដ៏ល្អបំផុតផងដែរ។ ពួកគេក៏នឹងសរសេរ ការចុះបញ្ជីអចលនទ្រព្យ ដែលលក់ កំណត់ពេល និងការបង្ហាញជាម្ចាស់ផ្ទះ និងទីផ្សារអចលនទ្រព្យរបស់អ្នកដើម្បីឱ្យគេឃើញ។ ហេតុនេះហើយអ្នកគប្បីស្វែងរកភ្នាក់ងារអចលនទ្រព្យដែលធ្វើការបានល្អ មានប្រជាប្រិយភាព និងមានតម្លៃសមរម្យតាមលទ្ធភាពអ្នក ឲ្យមកជួយក្នុងការងារលក់ផ្ទះនេះ។

២.ចេះរៀបចំតុបតែងផ្ទះសំបែង សម្អាតនិងជួសជុល

ផ្ទះស្អាតគឺចំណុចសំខាន់ ព្រោះគ្មានអ្នកណាម្នាក់មានបំណងចង់ទិញផ្ទះដែលកខ្វក់និងខូចខាតនោះទេ អ៊ីចឹងហើយទាមទារឱ្យលោកអ្នកចេះរៀបចំតុបតែងផ្ទះសំបែង  ដូច្នេះកិច្ចការដែលម្ចាស់ផ្ទះត្រូវបំពេញគឺការបោសសម្អាតគ្រប់កន្លែងនៅក្នុងផ្ទះដូចជា៖

  • កម្រាលឥដ្ឋ និងគ្រប់ជ្រុងជញ្ជាំងដែលមានធូលី
  • ជញ្ជាំង ទ្វារ និងបង្អូចទាំងក្នុងទាំងក្រៅ
  • បរិក្ខាផ្ទះបាយ
  • បន្ទប់ទាំងអស់ជាពិសេសបន្ទប់ទឹក
  • គ្រឿងសង្ហារិម
  • ទីធ្លា និងសម្ភារ:ដែលដាក់នៅខាងមុខ និងខាងក្រៅផ្ទះ
  • កម្ចាត់ក្លិនមិនល្អជាដើម

ក្រៅពីនេះត្រូវជួសជុលផ្នែកផ្សេងៗក្នុងផ្ទះដែលបាក់បែកខូចខាតផងដែរ។ បើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីសម្អាត ជាដំណោះស្រាយ អ្នកគួរទាក់ទងក្រុមហ៊ុនសម្អាត និងជាងជួសជុល ដែលគេទទួលស្គាល់ថាមានស្នាដៃល្អមកធ្វើការជំនួស។

៣.ផ្សព្វផ្សាយតាមបណ្ដាញសង្គម

ត្រង់ចំនុចនេះក៏សំខាន់ណាស់ដែរ ព្រោះថាការលក់ផ្ទះ មិនខុសពីផលិតផលប្រើប្រាស់នោះទេ ដើម្បីឲ្យលក់ផ្ទះដាច់រហ័សគឺអ្នកត្រូវបង្កើតការផ្សព្វផ្សាយដើម្បីឲ្យគេគ្រប់គ្នាស្គាល់ពីផ្ទះរបស់អ្នក។ បន្ទាប់ពីដាក់ស្លាកសញ្ញាលក់ផ្ទះនៅខាងមុខផ្ទះរួចមក វិធីល្អដែលអ្នកគួរយកទៅអនុវត្ត៖

  • ថតរូបភាពឬវីដេអូខ្លីៗ បង្ហាញពីទិដ្ឋភាពផ្នែកផ្សេងៗនៃផ្ទះ ដោយខ្លួនឯងឬជួលជាងថតអាជីព
  • យករូបភាពនិងវីដេអូទាំងនោះទៅផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗដូចជាវេបសាយអចលនទ្រព្យ ឬFacebook ដែលជាកន្លែងប្រមូលផ្ដុំនូវការផ្ដល់ និងស្វែងរកព័ត៌មានយ៉ាងសម្បូរបែបព្រមទាំងអាចកំណត់នូវអតិថិជនគោលដៅនិងចំនួនមនុស្សដែលមើលឃើញការផ្សាយពាណិជ្ជកម្មនោះ​តាមការចង់បានរបស់អ្នក យ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយដែលមានប្រសិទ្ធិភាពខ្ពស់ គឺទាមទារឲ្យអ្នកត្រូវបង្ហាញនូវចំណុចល្អពិសេសនៃផ្ទះឲ្យបានច្រើន ហើយក៏ត្រូវពឹងផ្អែក លើភាពជាក់ស្ដែង ។ ការផ្សព្វផ្សាយលក់ផ្ទះបំផ្លើសពីការពិត វានឹងបន្សល់កេរ្តិ៍ឈ្មោះមិនល្អដល់ផ្ទះអ្នក។ ផ្ទុយទៅវិញការផ្សព្វផ្សាយ ដែលឈរលើភាពពិតប្រាកដនឹងធ្វើឲ្យផ្ទះលក់ឆាប់ដាច់ ព្រោះថាទោះបីមនុស្សម្នាក់មិនទិញ តែគេអាចយកទៅប្រាប់អ្នកផ្សេងតៗទៀតបាន។

៤.ចេះកំណត់តម្លៃលក់

 ជាការពិតណាស់ ថាម្ចាស់ផ្ទះគ្រប់រូបតែងមានតម្លៃលក់ផ្ទះដែលខ្លួនពេញចិត្ត និងគិតថាសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្ដែងដែរ ព្រោះតម្លៃដែលអ្នកគិតថាសមល្មមនឹងលក់ អាចជាតម្លៃដែលអ្នកទិញភាគច្រើនមិនប្រាថ្នាចង់បាន។ ដូច្នេះដើម្បីកំណត់តម្លៃលក់ឲ្យបានសមស្របអ្នកត្រូវ៖

  • ដឹងពីសក្ដានុពលរបស់អចលនទ្រព្យអ្នក ថាសមនឹងតម្លៃដែលដាក់លក់ឬទេ?
  • ស្រាវជ្រាវពីប្រភេទអចលនទ្រព្យដែលមានលក្ខណ:ប្រហាក់ប្រហែលគ្នាក្នុងតំបន់ ដោយពិនិត្យផ្ទាល់ ឬតាមវេបសាយទិញលក់អចលនទ្រព្យ ដើម្បីដឹងពីតម្លៃដាក់លក់ និងតម្លៃលក់ចេញរបស់គេ
  • មើលពីតម្រូវការទីផ្សារ ព្រោះបើក្នុងទីផ្សារដែលតម្រូវការមានតិចជាងការផ្គត់ផ្គង់ អតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើសដែលអ្នកត្រូវសម្របតម្លៃទៅតាមទីផ្សារឬទាបជាងគូប្រជែង។ ចំណែកក្នុងករណីដែលការផ្គត់ផ្គង់មានតិចជាងតម្រូវការ អ្នកអាចតម្លើងថ្លៃផ្ទះរបស់អ្នក 10% ពី3 ទៅ6ខែ ក្រោយពីផ្ទះដែលមានលក្ខណ:ប្រហាក់ប្រហែលត្រូវបានលក់ដាច់។

៥. បង្កើតទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ ជាពិសេស​អ្នកដែលចង់លក់ផ្ទះត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងជឿជាក់លើអ្នកលក់ផ្ទាល់ ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្តបានផងដែរ៕

Photo 2022 10 17 12 27 27

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia