គេលក់យូរកាន់តែដាច់ ឯងលក់យូរទៅកាន់តែក្រ!​ នេះជាអ្នកលក់៥ប្រភេទ ដែលគ្មានថ្ងៃមាន
Meng SonglyAUGUST 11 202243 K views

ចំនួនអ្នកលក់នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ គឺមានការកើនឡើងច្រើនមែនទែន ជាពិសេសនោះ គឺអ្នកលក់នៅលើអនឡាញ។ ប៉ុន្តែអ្នកលក់ដែលមានជំនាញ និងអាចបង្កើតចំណូលបានពិតប្រាកដ គឺមានមិនច្រើននោះទេ។ ដូច្នេះហើយទើបថ្ងៃនេះ Business Cambodia សូមលើកយកអ្នកលក់៥ ប្រភេទ ដែលលក់យូរទៅកាន់តែក្រ លក់យូរទៅជំពាក់គេកាន់តែច្រើន គ្មានថ្ងៃរីកចម្រើនទៅមុខរួច។

. អ្នកលក់ឆាប់ឆាយ៖ អ្នកលក់ប្រភេទនេះ ឃើញគេលក់អ្វីដាច់ក៏លក់តាមគេភ្លាម លក់ដោយគ្មានគោលជំហរច្បាស់លាស់ លក់តាមអារម្មណ៍នឹកឃើញ មិនបានសិក្សាស្វែងយល់ឱ្យច្បាស់នោះឡើយ។ ការលក់ច្រើនមុខក្នុងពេលតែមួយបែបនេះ គឺមិនអាចធ្វើឱ្យអតិថិជនទុកចិត្តបានឡើយ។

. អ្នកលក់ស៊ីគ្រាប់ពូជ៖ អ្នកលក់ប្រភេទទី២នេះ មានជំនាញលក់បានចំណូលគ្រាន់បើ ប៉ុន្តែគាត់នេះ ខុសត្រង់ម្យ៉ាង ពេលលក់បាន យកទាំងលុយចំណេញ លុយដើមចាយអស់ មិនព្រមអត់ធ្មត់ យកលុយទៅទិញឥវ៉ាន់ដាក់ថែមនោះទេ។ ការលក់បែបនេះ លក់យូរៗទៅ ដើរខ្ចីលុយគេ ដាក់ឥវ៉ាន់ ហើយពេលលក់បាន យកទៅចាយអស់ គ្មានបញ្ជីស្នាមត្រឹមត្រូវ ធ្វើឱ្យខ្លួនកាន់តែក្រ កាន់តែលំបាក។

. អ្នកលក់កប់ដើម៖ អ្នកលក់ប្រភេទទី៣នេះ មានកម្រិតខ្ពស់ជាងអ្នកលក់ទី១ និងទី២បន្តិច ប៉ុន្តែចំណុចខ្សោយរបស់គាត់គឺចេះតែទិញឥវ៉ាន់ចូល មិនមើលឥវ៉ាន់ណា មានទីផ្សារពិតប្រាកដ ហើយគាត់គ្មានកាលវិភាគលក់ត្រឹមត្រូវឡើយ គាត់ទិញឥវ៉ាន់ចូលហើយ ធ្វើខ្លួនទំនេរធម្មតា គ្មានមហិច្ឆតា គ្មានគោលដៅ សម្រុកលក់ឥវ៉ាន់ឱ្យចេញអស់ឡើយ ដូច្នេះហើយ ទើបចំណូលគាត់មិនធំដូចគេ។  

. អ្នកលក់ជាប់ជំពាក់៖ អ្នកលក់ប្រភេទនេះ បេះដូងគាត់ល្អណាស់ សុខចិត្តឱ្យគេជំពាក់ឱ្យតែបានឥវ៉ាន់ចេញ ប៉ុន្តែគាត់ភ្លេចគិតថា ការជំពាក់របស់ភ្ញៀវជាបញ្ហាធំ ដែលធ្វើឱ្យការលក់ដូររកស៊ីរបស់គាត់ជាប់គាំង អ្នកលក់ដែលឆ្នើម ជាអ្នកលក់ដែលពូកែទារលុយភ្ញៀវមុន ទើបអាចបានចំណូលថេរ។

. អ្នកលក់បណ្តោយខ្លួន៖ អ្នកលក់ប្រភេទទី៥នេះ ជាអ្នកលក់មិនចង់មានឆាប់ទេ គាត់ចេញលក់ដំបូង ប្រើតែទម្លាប់ចាស់បុរាណ មិនចេះប៉ូសផេក ប្រើបណ្តាញសង្គមពេញនិយមដូចគេទេ។ ហើយគាត់ចូលចិត្តរអ៊ូថាមិនចេះ មិនដឹងគេធ្វើមិច ប៉ុន្តែលក់៣ ៤ខែហើយ នៅតែអត់ចេះទៀត មិនព្រមរៀន មិនព្រមសាកអ្វីថ្មីនោះឡើយ។ ការលក់ដូរបច្ចុប្បន្នមានការប្រកួតប្រជែងច្រើន បើអ្នកនៅរក្សាទម្លាប់ប្រចាំត្រកូលរបស់អ្នក ដែលចូលចិត្តនិយាយថាមិនចេះ មិនដឹង រវល់គ្មានពេលរៀននេះ អ្នកលក់មិនបានចំណូលពិតឡើយ។ មនុស្សដែលខ្ជិល ដុះតែធ្មេញ ងូតតែទឹក ក៏អាចថារវល់គ្មានពេលបានដែរ។

ជាសរុបមកវិញ ពេលអ្នកចេញលក់ដំបូង អ្នកមិនគួរលក់ច្រើនមុខពេកទេ បើអ្នកជាអ្នកលក់ខោអាវឱ្យច្បាស់លើខោអាវ ហើយអ្នកគួរចែករំលែកពីរបៀបស្លៀកពាក់បន្ថែម ដើម្បីឱ្យអ្នកទិញរបស់អ្នក កាន់តែទុកចិត្តលើអ្នក និងយកអ្នកធ្វើជាគំរូនៅក្នុងការស្លៀកពាក់ជាដើម។ លើសពីនេះ អ្នកត្រូវតែជាអ្នកលក់ដែលចង់ចេះអ្វីដែលថ្មី មានផែនការលក់ច្បាស់លាស់ ចេះទារលុយភ្ញៀវមុន ចេះមើលឥវ៉ាន់ណាលក់ដាច់ ឥវ៉ាន់ណាមិនគួរយកមកលក់ ហើយត្រូវយកលុយចំណេញទិញឥវ៉ាន់ថែម ៕

សូមជួយឡែកផេក Meng Songly ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត... 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia