ភាពរីកចម្រើនរបស់ Tik Tok មានការកើនឡើងជាលំដាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សព្វថ្ងៃវាមានអ្នកប្រើប្រាស់ជាសកម្មដល់ទៅ១ពាន់លាននាក់។ ទន្ទឹមនឹងការរីកចម្រើនរបស់ Tik Tok វាក៏ជាឱកាសសម្រាប់អ្នកប្រើប្រាស់ដែលបង្កើត Content ថ្មីៗ ដើម្បីបង្កើនកិត្តិនាម និងចំណូលរបស់ពួកគេផងដែរ។
សូមជម្រាបដែរថាអ្នកលេង TikTok ក៏អាចរកលុយបានតាមរយៈចំនួនមើលនៅលើវីដេអូរបស់ខ្លួន ជាក់ស្ដែងក្រុមហ៊ុនTikTokចំណាយពី ៤០ទៅ៥០ដុល្លារក្នុងនៃចំនួនមើល១លានដងនៅក្នុងវីដេអូមួយ។ ទាំងនេះជាតារា Tik Tok ដែលរកចំណូលបានច្រើនជាងគេទាំង៥នាក់នៅក្នុងឆ្នាំ២០២២នេះ៖
១. Charli D’Amelio មានចំណូល ១៧.៥លាន$
Charli គឺជាTikToker ដែលរកចំណូលបានច្រើនជាងគេ និងមានអ្នកតាមដាន ១៣៧.៨លាននាក់ ច្រើនជាងគេបង្អស់នៅក្នុង Tik Tok ហើយ Content វីដេអូរបស់នាងគឺ ការរាំ ដែលកំពុងពេញនិយមជាខ្លាំង។ ពេលនេះក្មេងស្រីអាយុ១៨ឆ្នាំម្នាក់នេះបានចាប់ដៃគូជាមួយក្រុមហ៊ុនមួយចំនួនដូចជា Invisalign និង Hollister ជាដើម។ តាមរយៈការទទួល Sponsor ដាក់ចូលក្នុងវីដេអូ ព្រមទាំងចំណូលពីចំនួនមើលនៅលើវីដេអូរបស់នាង Charli រកបាន ១៧.៥លានដុល្លារក្នុង១ឆ្នាំ។
២. Dixie D’Amelio មានចំណូល ១០លាន$
Dixie មានអ្នកតាមដាន ៥៧.៤លាននាក់នៅលើ TikTok ព្រោះតែការផុសវីដេអូកំប្លែង នាងថែមទាំងមានជំនាញផ្នែកតន្ត្រីនាងបានចេញបទចម្រៀងដំបូងរបស់នាងនៅឆ្នាំ២០២០មានចំណងជើងថា “Be Happy” ។ បទចម្រៀងរបស់នាងបានជាប់ចំណាត់ថ្នាក់លេខ១នៅលើ Billboard ដែលជាកំពូលបទចម្រៀងភ័យរន្ធត់បំផុតនៅលើពិភពលោក។ បច្ចុប្បន្ននេះ Dixie D’Amelio រកចំណូលបាន១០លានដុល្លារក្នុង១ឆ្នាំ។
៣. Addison Rae មានចំណូល ៨.៥លាន$
Addison បានបង្ហាញទេពកោសល្យរាំរបស់នាងនៅលើ Tik Tok រយៈពេលមិនដល់មួយឆ្នាំនាងទទួលបានអ្នកតាមដានដល់ទៅរាប់លាននាក់។ បន្ទាប់ពីនោះឱកាសជាច្រើនបានរត់មករកនាង Fashion Nova ដែលជាក្រុមហ៊ុនសម្លៀកបំពាក់របស់ស្រ្តីបាន Sponsor ឱ្យនាងដំបូងគេបង្អស់ ក្រោយមកនាងបានបង្កើត Item Beauty ដោយទទួលបានការសហការណ៍ពីក្រុមហ៊ុនគ្រឿងសម្អាង Madeby។
ក្បាច់រាំព្រមទាំង Content របស់នាងផ្សេងទៀតបានធ្វើឱ្យនាងមានអ្នកតាមដានដល់ទៅ៨៧លាននាក់នៅលើ Tik Tok។ Rae ក៏បានទាញយកប្រយោជន៍ពីភាពជោគជ័យរបស់នាងបន្ថែមទៀតដោយការឆក់យកឱកាសចូលរួមសម្ដែងរឿង He’s All That ដែលជារឿងរបស់ Netflix ជាមួយនឹងអាយុទើបតែ២១ឆ្នាំ ប៉ុន្តែ Rae មានចំណូលដល់ទៅ ៨.៥លានដុល្លារក្នុង១ឆ្នាំ។
៤. Bella Poarch មានចំណូល ៥លាន$
Bella ចាប់ផ្ដើមល្បីល្បាញដោយសារតែវីដេអូត្រាប់តាមបទ “Soph Aspin Send” របស់ Millie B វីដេអូរបស់នាងមួយនោះក្លាយជាវីដេអូដែលមានអ្នកមើលច្រើនជាងគេបង្អស់នៅលើ Tik Tok ក្នុងឆ្នាំ២០២០។ ជាមួយនឹងភាពល្បីល្បាញនេះធ្វើឱ្យនាងទទួលបានឱកាសចូលរួមការងារជាមួយ Warner Records និងបានចេញផ្សាយបទដំបូងរបស់នាងមានចំណងជើងថា Build a Bitch បទនេះក៏ទទួលបានចំណាត់ថ្នាក់លេខ៥៦នៅក្នុង Billboard។
សព្វថ្ងៃនេះគណនី Tik Tok របស់ Bella មានអ្នកតាមដានដល់ទៅ ៨៨.៣លាននាក់ នាងបានប្រើភាពល្បីល្បាញនេះបន្ថែមទៀតដោយការឈានយកការចុះសហកាសំខាន់មួយចំនួនជាមួយម៉ាកយីហោដូចជា Prada និង Google។ ពេលនេះ Bella Poarch រកចំណូលបាន ៥លានដុល្លារក្នុង១ឆ្នាំ ជាមួយអាយុត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ។
៥. Josh Richards មានចំណូល ៥លាន$
Josh មានអ្នកតាមដានដល់ទៅ ២៦.៥ លាននាក់នៅលើ Tik Tok តាមរយៈ ទេពកោសល្យ ត្រាប់តាមបទចម្រៀង រាំ និងច្រៀងផ្ទាល់។ គាត់បានប្រើភាពល្បីល្បាញរបស់គាត់ដើម្បីធ្វើទីផ្សារឱ្យក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដែលគាត់បានបង្កើត។ លើសពីនេះ Richards ក៏ជាស្ថាបនិករបស់ TalentX Entertainment, Animal Capital, និង CSO នៃបណ្ដាញសង្គម Triller។ សព្វថ្ងៃនេះគាត់មានអាយុទើបតែ២០ឆ្នាំទេ ប៉ុន្តែមានចំណូលដល់ទៅ៥លានដុល្លារក្នុង១ឆ្នាំ។
អត្ថបទដោយ៖ សូ សុខលី