កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចពិសេសថ្មីទី៤ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដោយបានជ្រើសយកខេត្ដចំនួន ៤ រួមមាន៖ ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន និងខេត្ដបន្ទាយមានជ័យ។ ការបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនកសិកម្ម និងមច្ឆាជាតិ។
យ៉ាងណាខេត្ដចំនួន ៣ ក្នុងចំណោមខេត្ដដែលត្រូវបានជ្រើសរើសសម្រាប់ការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចថ្មីខាងលើ ក៏នឹងអាចមានគម្រោងផ្លូវល្បឿនលឿនសាងសង់ឆ្លងកាត់នាពេលខាងមុខផងដែរ។ ជាក់ស្ដែងយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កន្លងទៅមានក្រុមហ៊ុនឯកជនមួយ បានស្នើសុំសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ខណៈដែលគម្រោងនេះគឺនឹងត្រូវឆ្លងកាត់ខេត្ដពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត)។
តាមការបញ្ជាក់បន្ថែមពីឯកឧត្ដមទេសរដ្ឋមន្ដ្រី គម្រោងផ្លូវដ៏សំខាន់នេះ ក៏ត្រូវបានក្រសួងអនុញ្ញាតឲ្យខាងក្រុមហ៊ុនធ្វើការសិក្សា និងដាក់ទុនដើម្បីស្ថាបនាផងដែរ ដែលគម្រោងនេះស្ថិតនៅក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
សូមជម្រាបផងដែរថា ទាក់ទងគម្រោងល្បឿនលឿននេះ កាលពីចុងឆ្នាំ២០២២កន្លងទៅកម្ពុជាទើបនឹងបើកដំណើរការផ្លូវល្បឿនលឿទី១ ភ្នំពេញ-ព្រះសីហនុ ហើយនៅថ្ងៃទី៧ ខែមិថុនានេះក៏នឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ស្របពេលដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ កឹម ប៊ុនធឿន