មិនមែនជារឿងលេងសើចទេ! ការបង្ហាញអារម្មណ៍ Sad នៅលើបណ្តាញសង្គម អាចជះផលអវិជ្ជមានធំៗ៣នេះ
Kan DaraMARCH 14 202426.9 K views

បណ្តាញសង្គមគឺជាកាំបិតមុខពីរ វាអាចក្លាយជាថ្នាំប៉ូវឬជាថ្នាំពិស អាស្រ័យទៅលើការប្រើប្រាស់របស់មនុស្សម្នាក់ៗ។ ជាក់ស្តែងយោងតាមការស្រាវជ្រាវរបស់ Research Gate បានបង្ហាញថា ការបញ្ចេញអារម្មណ៍ Sad ឬ Drama នៅលើបណ្តាញសង្គម អាចជះផលអវិជ្ជមានធំៗ៣ ខាងក្រោមនេះ៖

១/. បាត់បង់ឱកាស

មិត្តនៅក្នុងបណ្តាញសង្គមអាចស្វែងយល់ពីអ្នកតាមរយៈសកម្មភាពដែលអ្នកបានផុស (Post)។ បើអ្នកជាបុគ្គលចូលចិត្តបង្ហាញអារម្មណ៍អវិជ្ជមាន នោះពួកគេនឹងមើលមកអ្នកក្នុងរូបភាពមិនល្អដូចគ្នា។ ដូច្នេះទោះបីពួកគេមានឱកាសល្អចង់ផ្តល់ឲ្យអ្នក ក៏ពួកគេត្រូវគិតពិចារណាយ៉ាងល្អិតល្អន់ ឬមិនផ្តល់ឲ្យអ្នកតែម្តង។​ ដោយឡែកបើអ្នកមានឱកាសចង់ផ្តល់ឲ្យពួកគេ ក៏មិនប្រាកដថាពួកគេហ៊ានទទួលយកដែរ ព្រោះពួកគេបានមើលចរិតលក្ខណរបស់អ្នកតាមរយៈការបង្ហាញលើបណ្តាញសង្គមរួចមកហើយថាអ្នកជាបុគ្គលបែបណា។

/. ហានិភ័យការងារ

អ្នកចូលចិត្តបង្ហាញអារម្មណ៍ Sad ឬ Drama ក្នុងបណ្តាញសង្គមភាគច្រើនគឺជាមនុស្សកំពុងស្ថិតក្នុងក្រុមអាយុវ័យកណ្តាល និងយុវវ័យ ហើយមួយចំនួនធំនៃពួកគេគឺជាបុគ្គលិកកំពុងបម្រើការងារ និងកំពុងសិក្សាត្រៀមនឹងទទួលការងារថ្មី។ ប្រសិនបើអ្នកជាបុគ្គលិកធម្មតា ឱកាសក្នុងការឡើងតំណែង តួនាទី ឬប្រាក់ខែអាចនឹងមានកម្រិតទាប ព្រោះថ្នាក់ដឹងនាំមិនហ៊ានផ្តល់ការងារធំៗឲ្យដោះស្រាយ ឬគ្រប់គ្រងឡើយដោយសារគាត់គ្មានទំនុកចិត្ត និងភាពជឿជាក់ខ្លាំងមកលើអ្នក។ បន្ថែមពីនេះ បើអ្នកជាថ្នាក់ដឹកនាំគេទៀតនោះ វាកាន់តែជះឥទ្ធិពលអាក្រក់ ព្រោះក្នុងនាមជាថ្នាក់ដឹកនាំមួយរូបអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ និងសុខភាពផ្លូវចិត្តរឹងមាំ ដោយហេតុថាអ្នកមានកាតព្វកិច្ចច្រើនជាងអ្នកនៅក្រោមបង្គាប់ និងជាគំរូសម្រាប់បុគ្គលិកផ្សេងៗទៀត។

៣/. ទម្លាក់តម្លៃ

អ្នកប្រហែលជាគិតថាវាគ្រាន់តែជារឿងសាមញ្ញប៉ុណ្ណោះ ប៉ុន្តែមនុស្សដែលប្រើប្រាស់បណ្តាញសង្គមជាមួយអ្នកអាចនឹងវាយតម្លៃអ្នកតាមរយៈអ្វីដែលអ្នកបានបង្ហាញ។ វាគឺជាកត្តាធំមួយដែលធ្វើឲ្យតម្លៃរបស់អ្នកធ្លាក់ចុះ ស្របពេលដែលអ្នកមិនបានដឹងខ្លួនទាល់តែសោះ។

យ៉ាងណាមិញ កត្តាដែលជំរុញឲ្យមនុស្សបញ្ចេញអារម្មណ៍ Sad ឬ Drama តាមបណ្តាញសង្គមអាចមានពីរមូលហេតុ។ ទី/១ អាចបណ្តាលមកពីពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹង ខ្វះអ្នកប្រឹក្សាយោលបល់ មិនដឹងគួរធ្វើបែបណា​ ឬត្រូវការអ្នកលើកទឹកចិត្តជាដើម។ ចំណែកឯទី/២ ពួកគេគ្រាន់តែចង់ទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃតែប៉ុណ្ណោះ។ មិនថាហេតុផលមួយណានោះទេ វាសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានទាំងអស់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia