បទពិសោធន៍ខ្លះៗ ដើម្បីមករៀននៅភ្នំពេញដោយមិនខ្ចីសុំលុយអ្នកផ្ទះសូម្បីមួយរៀល
Kan DaraMAY 22 2022252 views

ជាការពិត ការសិក្សារនៅទីក្រុងភ្នំពេញចាំបាច់ត្រូវការចំណាយច្រើន ប្រសិនបើយើងមកពីទីជនបទថែមទៀតនោះការចំណាយនឹងកើនឡើងទ្វេដង ព្រោះទំនួលខុសត្រូវដែលជាបន្ទុករ៉ាប់រងមានច្រើនជាងអ្នកដែលស្ថិតនៅក្នុងទីក្រុងស្រាប់ដូចជាថ្លៃស្នាក់នៅ ការហូបចុក មធ្យោបាយធ្វើដំណើរ ​និងថ្នាំសង្កូវជាដើម។ នេះជាហេតុផលធំមួយដែលធ្វើឲ្យសិស្សនិស្សិត ឬអ្នកដែលមានបំណងចង់មករៀននៅទីក្រុងភ្នំពេញជួបបញ្ហាស្មុគស្មាញមិនដឹងរកច្រកចេញតាមវិធីណា ឬធ្វើបែបណាទើបអាចមានលទ្ធភាពផ្គត់ផ្គង់ការសិក្សា និងមានឯករាជភាពដោយខ្លួនឯង។

ជុំវិញរឿងនេះ Business Cambodia សូមលើកបង្ហាញពីបទពិសោធន៍ខ្លីខ្លឹមខ្លះៗ សម្រាប់ជាពន្លឺក្នុងការមករៀននៅភ្នំពេញដោយមិនខ្ចីសុំលុយអ្នកផ្ទះសូម្បីតែមួយរៀល មានឯករាជលើហិរញ្ញវត្ថុផ្ទាល់ខ្លួន និងកសាងខ្លួនក្លាយជាមនុស្សរឹងមាំទៀតផង៖

/. អាហារូបករណ៍

មានសិស្សនិស្សិតយើងមួយចំនួន បានមើលរំលង ឬមិនយកចិត្តទុកដាក់លើឱកាសទទួលបានអាហារូបករណ៍ ខណៈពេលដែលខ្លួនកំពុងសិក្សានៅថ្នាក់ទី១២ ឬរៀបនឹងប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ។ អាហារូបករណ៍ពិតជាមានសារសំខាន់ណាស់ វាអាចជួយសម្រួលលើថ្លៃការសិក្សាបានមួយផ្នែកធំដោយប្អូនៗមិនចាំបាច់មានការព្រួយបារម្ភខ្លាំងចំពោះថ្លៃសិក្សានោះទេ។ មិនតែប៉ុណ្ណោះកញ្ចប់នៃការចំណាយក៏បានកាត់បន្ថយមួយកម្រិតទៀតផងដែរ។

ហេតុដូចនេះចូលកុំបង្អែបង្អង់យូរ ប្អូនៗគប្បីស្វាស្វែងរកឱកាសទទួលបានអាហារូបករណ៍ឥឡូវនេះទៅលើជំនាញដែលប្អូនៗមានបំណងចង់សិក្សាររៀនសូត្របន្តនៅថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ណាមួយ ប្អូនៗត្រូវធ្វើកាសិក្សាព័ត៌មានឲ្យបានល្អិតល្អន់ និងព្យាយាមស្វែងរកអាហារូករណ៍ឲ្យបានច្រើនប្រភពរួចធ្វើការប្រៀបធៀបគ្នាក្នុងគោលបំណងងាយស្រួលធ្វើការវាយតម្លៃថាតើមួយណាដែលមានភាពស័ក្តិសមសម្រាប់ប្អូនៗ។ បន្ទាប់ពីរកឃើញហើយ ត្រូវប្រឹងបំពេញតាមកម្មវត្ថុដែលគេចង់បានឲ្យបានច្រើនតាមដែលខ្លួនអាចធ្វើបាន នោះឱកាសទទួលបានអាហារូបករណ៍ដែលប្អូនៗប្រាថ្នានឹងស្ថិតនៅជិតដៃបំផុត។

ស្របជាមួយគ្នានេះដែរ ដើម្បីជួយសម្រួល និងបង្កភាពងាយស្រួលសម្រាប់ប្អូនៗក្នុងការស្វែងរកឱកាសអាហារូបករណ៍ ខាងក្រោមនេះគឺជាវេបសាយ និងហ្វេសបុកផេកមួយចំនួន ដែលប្អូនៗមិនគួរមើលរំលង៖

២/. រកការងារក្រៅម៉ោង​ ឬ ពេញម៉ោង

ជាការពិត យើងមិនអាចផ្គត់ផ្គង់ការចំណាយបានទេប្រសិនណាយើងពុំមានប្រភពចំណូល។ បើទោះបីជាការចំណាយត្រូវបានកាត់បន្ថយមួយផ្នែកធំតាមរយៈការទទួលបានអាហារូបករណ៍ដោយមិនចាំបាច់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែសកម្មភាពរស់នៅប្រចាំថ្ងៃនៅតែតម្រូវឲ្យធ្វើការចំណាយដដែល។

ដើម្បីទប់ទល់ស្ថានភាពដោយខ្លួនឯងដោយមិនចាំបាច់សុំជំនួយពីអ្នកផ្ទះ នៅពេលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិភ្លាម ប្អូនៗត្រូវសំឡឹងមើលឱកាសការងារក្រៅម៉ោង ឬពេញម៉ោងដែលមិនប៉ះពាល់ដល់ការសិក្សាតាមភាពជាក់ស្តែងដែលប្អូនៗអាចធ្វើបាន។ វាអាចនឹងពិបាកឬជារឿងថ្មីសម្រាប់ប្អូនៗ ប៉ុន្តែវាគឺជាផ្លូវមួយដែលនឹងដឹកនាំយើងទៅកាន់ភាពល្អប្រសើរ ព្រោះប្អូនៗមានឱកាសទទួលបានប្រាក់ខែដែលអាចជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានហើយថែមទាំងអាចក្រេបជញ្ជក់នូវបទពិសោធន៍ជាក់ស្តែងថែមទៀតផង។

ជាមួយគ្នានេះដែរ Business Cambodia លើកទឹកចិត្តឲ្យប្អូនៗគួរគប្បីធ្វើការដែលជាប់ពាក់ព័ន្ធជាមួយនឹងជំនាញវិជ្ជាជីវៈ ឬជំនាញឯកទេសដែលប្អូនៗកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះវាអាចឲ្យប្អូនៗសំយោគចំណេះដឹងដែលបានរៀននៅសាសាផ្សារភ្ជាប់ជាមួយនិងបទពិសោធន៍ការងារជាក់ស្តែង ហើយប្អូនៗអាចអភិវឌ្ឍខ្លួនទៅកាន់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ខាងក្រោមនេះគឺជាវេបសាយមួយចំនួន ដែលប្អូនៗអាចធ្វើការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការងារបាន៖

  • com
  • com
  • com
  • phnomlist.com
  • careerlink
  • com
  • khmeronlinejob.com
  • Morning HR.Com

/. រៀបចំកញ្ចប់ថវិការ

បន្ទាប់ពីទទួលបានការងារដែលជាប្រភពចំណូលមួយហើយ ប្អូនៗត្រូវរៀបចំកញ្ចប់ថវិការដោយបែងចែកលុយដែលរកបាននោះជាផ្នែកៗដូចជាសម្រាប់ កញ្ចប់ចំណីអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ថ្នាំសង្កូវ និងកញ្ចប់កម្សាន្តជាដើម និងធ្វើការសិក្សាពីការចំណាយឲ្យបានច្បាស់លាស់ថាតើជាមធ្យមប្អូនៗចាយវាយអស់ប៉ុន្មានក្នុងរយៈពេលមួយខែ។ ព្យាយាមធ្វើយ៉ាងណាឲ្យចំណូលនិងការចំណាយមានតុល្យភាព ប្រសិនបើអាចគួរកាត់បន្ថយការចំណាយណាដែលមិនមានភាពចាំបាច់ចោលខ្លះ។ សម្រាប់ប្អូនៗដែលមិនទទួលបានឱកាសអាហារូបករណ៍ក៏អាចអនុវត្តបានដូចគ្នា ប៉ុន្តែអាចនឹងលំបាកបន្តិចព្រោះខ្ទង់នៃការចំណាយមានលក្ខណខ្ពស់ជាងប្អូនៗដែលទទួលបានអាហារូបករណ៍។

ជាមួយគ្នានេះដែរ ពេលវេលានៃការចាប់ផ្តើមបើកទំព័រថ្មីនៃវិថីជីវិតនៅថ្នាក់ឧត្តមសិក្សាមិនមានភាពងាយស្រួលប៉ុន្មានទេ វាអាចនឹងជួបបញ្ហាជាច្រើន ឬរឿងរ៉ាវដែលប្អូនៗមិនធ្លាប់បានជួបកន្លងមក។ ប៉ុន្តែប្អូនៗត្រូវចងចាំក្នុងចិត្តថាឧបសគ្គ និងសមិទ្ធផលដែលប្អូនៗបានកសាងនៅពេលនេះគឺជាឬសគល់នៃមូលដ្ឋានគ្រឹះនៃជីវិតរឹងមាំ ហើយវានឹងធ្វើឲ្យប្អូនៗមានមោទកភាពនៅពេលដែលប្អូនៗក្រឡេកមកមើលអ្វីដែលប្អូនៗបានឆ្លងកាត់នាពេលកន្លងមក។

ដូច្នេះចូលបោះបង់សេចក្តីអៀនខ្មាស់ រៀនរស់ដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯង ការធ្វើវាអាចនឹងលំបាកជាងការដែលគ្រាន់តែនិយាយ ប៉ុន្តែវានាំធ្វើឲ្យប្អូនៗក្លាយទៅជាមនុស្សពេញវ័យពិតប្រាកដ។ តស៊ូ ក្រាញ់ននាលនឹងឱបសគ្គ ជីវិតដ៏ភ្លឺថ្លាដែលប្អូនៗប្រាថ្នាចង់បានកំពុងរង់ចាំប្អូនៗនៅខាងមុខ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia