ក្រោយពេលដែលក្រុមហ៊ុនគ្រីបតូធំៗប្រកាសសុំសិទ្ធការពារក្ស័យធនបន្តបន្ទាប់គ្នានៅក្នុងឆ្នាំ២០២២នេះ អគ្គនាយកនៃធនាគារកណ្ដាលអឺរ៉ុប លោក Ulrich Bindseil បានលើកឡើងថា Bitcoin កំពុងតែរំកិលទៅកាន់ផ្លូវដែលគ្មានតម្លៃពាក់ព័ន្ធនឹងទីផ្សារ។
លោក Bindseil បានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា Bitcoin មិនដែលត្រូវបានគេទទួលស្គាល់ឱ្យមានការប្រើប្រាស់ជាផ្លូវការនៅក្នុងប្រតិបត្តិការស្របច្បាប់ណាមួយឡើយ។ ម្យ៉ាងវិញទៀត ប្រតិបត្តិការ Bitcoin ពិតប្រាកដ គឺមានភាពលំបាក យឺតយ៉ាវ ព្រមទាំងមានតម្លៃថ្លៃទៀតផង។ អ្វីដែលសំខាន់ Bitcoin នៅមានចន្លោះខ្វះខាតក្នុងការរចនាគំនិត រួមទាំងកង្វះបច្ចេកវិទ្យា ទើបធ្វើឱ្យវានៅមានចម្ងល់ក្នុងការធ្វើជាមធ្យោបាយនៃការទូទាត់លើទីផ្សារ។
ពាក់ព័ន្ធនឹងការដួលរលំរបស់ក្រុមហ៊ុន FTX ដែលជាក្រុមហ៊ុនគ្រីបតូធំលំដាប់ទី៤ លោក Bindseil បានបង្ហើបថា មូលហេតុអាចបណ្ដាលមកពីការព្យាយាមពន្លឿនការគ្រប់គ្រងរូបិយប័ណ្ណឌីជីថលខ្លាំងពេក។ ក្រោយពី FTX ក្ស័យធន Bitcoin បានឡើងតម្លៃដល់ ១៧,០០០ពាន់ក្នុងមួយកាក់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែលោក Bindseil ថាវាគ្រាន់តែជាតម្លៃសិប្បនិម្មិត មុនពេលវាឈានដល់គ្មានតម្លៃប៉ុណ្ណោះ។ លុះមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ វាមានតម្លៃត្រឹម ១៦,៩១៩ដុល្លារក្នុងមួយកាក់។
លោក Bindseil បានគូសបញ្ជាក់ផងដែរថា Bitcoin មិនសមជាទម្រង់នៃការវិនិយោគឡើយ ហើយរឹតតែមិនសមរម្យសម្រាប់យកជាមធ្យោបាយនៃការទូទាត់។ ដោយហេតុថា វាគ្មានលំហូរសាច់ប្រាក់ដូចជា អចលនទ្រព្យឬភាគភាគលាភ (ភាគហ៊ុន) មិនអាចប្រើប្រាស់ប្រកបដោយលទ្ធភាព (ដូចជាទំនិញ) ឬផ្ដល់អត្ថប្រយោជន៍សង្គម (ដូចជាមាស) រាល់ការវាយតម្លៃទីផ្សាររបស់ Bitcoin គឺពឹងផ្អែកលើការប៉ាន់ស្មានសុទ្ធសាធ។
សូមជម្រាបផងដែរ បើរាប់ចាប់ពីដើមឆ្នាំ២០២២ មកដល់ពេលនេះ មានក្រុមហ៊ុនគ្រីបតូធំៗចំនួន៥ ហើយដែលបានប្រកាសក្ស័យធន ក្នុងនោះរួមមាន ក្រុមហ៊ុន Voyager Digital Ltd, ក្រុមហ៊ុន Celsius Network, ក្រុមហ៊ុន Three Arrows Capital, ក្រុមហ៊ុន FTX និងក្រុមហ៊ុន BlockFi៕
អត្ថបទដោយ៖ សូ សុខលី