អំឡុងពេលដែល Facebook, Instagram គាំងកាលពីយប់មិញ ស្ទើរពេញមួយពិភពលោក ប្រមាណជា២ម៉ោង លោក Elon Musk ដែលគេស្គាល់ថាជាគូប្រជែងចូលចិត្តចំអកលេងសើចឱ្យមេធំហ្វេកប៊ុកលោក Mark Zuckerberg នោះក៏បានចេញមកបង្ហោះសារនៅលើបណ្តេញសង្គម X របស់ខ្លួនដែរ។
តាមប្រភពពី Hindustan times បានឱ្យដឹងថា Elon Musk បានបង្ហោះនៅលើ X របស់ខ្លួនថា "ប្រសិនបើអ្នកកំពុងអានការប្រកាសនេះ វាគឺដោយសារតែម៉ាស៊ីនមេកំពុងដំណើរការ” ដោយឡែកគណនីផ្លូវការរបស់ក្រុមហ៊ុន X ក៏បានបង្ហោះយ៉ាងដូច្នេះថា៖ “យើងដឹងថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាមកទីនេះ”។
ការលើកឡើងនេះលោក Elon Musk ចង់សម្តៅថាអ្នកប្រើប្រាស់ងាកមកនៅក្នុងបណ្តេញសង្គម X ភ្លាមៗព្រោះ Facebook មានការរអាក់រអួលហើយមនុស្សជាច្រើនចូលទៅប្រើបណ្តេញសង្គមផ្សេងៗទៀត ដើម្បីសួរគ្នាអំពីបញ្ហារបស់ហ្វ៊េកប៊ុក ដោយពួកគេភ័យបារម្ភថាតើគណនីរបស់ពួកគេត្រូវបានគេ Hack យកឬយ៉ាងណា។
យ៉ាងណាមិញចំពោះការគាំងបណ្តាញសង្គមរបស់ Meta កាលពីយប់មិញនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសប៉ុណ្ណោះ។ ក្នុងនោះបើតាមការឱ្យដឹងពីលោក Andy Stone អ្នកនាំពាក្យរបស់ Meta បានបញ្ជាក់យ៉ាងដូច្នេះថា “កាលពីដើមថ្ងៃនេះ ដោយសារបញ្ហាបច្ចេកទេសបានធ្វើឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងបានដោះស្រាយបញ្ហាឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នករាល់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួលណាមួយដែលបានកើតឡើង”។
ជុំវិញបញ្ហានេះសារព័ត៌មាន Dailymail របស់អង់គ្លេស លោក Dan Ives អ្នកគ្រប់គ្រងរបស់ Wedbush Securities បានឲ្យដឹងថាការគាំងហ្វេសប៊ុកកាលពីយប់មិញអស់ពេល២ម៉ោងបានធ្វើឲ្យលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនMeta បានខាតបង់លុយប្រមាណជា១០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ បន្ទាប់ពីភាគហ៊ុនធ្លាក់ចុះចំនួន១.៦០%៕
អត្ថបទដោយ៖ ពីង ជូអេង