តើធ្លាប់ត្រូវបានគេមើលងាយក្តីស្រមៃទេ? តើធ្លាប់ត្រូវបានគេសើចចម្អកគំនិតអ្នកទេ? ធ្លាប់ទេគេថាគំនិតអ្នក ទៅមិនរួច ធ្វើមិនកើត គ្មានផ្លូវ? បើធ្លាប់ មិនជាបញ្ហាអ្វីទេ ព្រោះមហាសេដ្ឋីលេខមួយលើលោក Elon Musk ក៏ធ្លាប់ត្រូវបានគេបោះសម្តី ថាអាជីវកម្មរបស់លោកគ្មានថ្ងៃរីកចម្រើន និងគង់ដើរដល់ទីបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ។
ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស SpaceX និង Tesla បានលើកឡើងថា៖ «មហាសេដ្ឋីវិនិយោគិន Charlie Munger ធ្លាប់បានប្រាប់មនុស្សដែលអង្គុយរួមតុអាហារថ្ងៃត្រង់កាលពីពេលកន្លងទៅប្រហែលជាង ១០ឆ្នាំមុនថា (វិធីទាំងអស់ និងផ្លូវដែល Tesla កំពុងដើរនឹងបរាជ័យ)»។ លោក Elon Musk បានសរសេរដូច្នេះក្នុងសំណេរមួយលើគណនី Twitter (X) របស់លោកកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
ក្នុងសំណេរនោះមហាសេដ្ឋីលេខមួយលើលោករូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Munger ក្នុងឆ្នាំ២០០៩ ជាកន្លែងដែលគាត់បានប្រាប់អ្នករួមតុទាំងមូលនូវវិធីដែល Tesla នឹងបរាជ័យ។ វាធ្វើឲ្យខ្ញុំក្រៀមក្រំណាស់ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថា ខ្ញុំយល់ស្របជាមួយនឹងហេតុផលទាំងអស់នោះ ហើយពួកយើងអាចនឹងស្លាប់ ប៉ុន្តែវាពិតជាមានតម្លៃណាស់ក្នុងការព្យាយាមឲ្យអស់ពីលទ្ធភាព ប្រសើរជាងមិនហ៊ានធ្វើអ្វីសោះ»។
យ៉ាងណាមិញ បច្ចុប្បន្ន Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក ជាមួយនឹងមូលធនប័ត្រទីផ្សារចំនួន ៩៥៤.៣ ពាន់លានដុល្លារ ខណៈលោក Elon Musk កាន់កាប់ទ្រព្យសម្បត្តិប្រមាណ ២០៦ ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងខាងលើរំលឹករឿងកន្លងទៅជាង ១០ឆ្នាំនេះ គឺជាការឆ្លើយតបរបស់លោក Elon Musk ទៅនឹងការផ្សាយឡើងវិញអំពីមតិយោបល់របស់លោក Charlie Munger វ័យ ៩៩ឆ្នាំជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway និងដៃស្តាំរបស់ Warren Buffett ដែលគាត់បានប្រដូចរូបិយបណ្ណអេឡិចត្រូនិចទៅនឹង «ជំងឺកាមរោគ»។
ដូច្នេះប្រសិនអ្នកធ្លាប់ ឬកំពុងត្រូវបានអ្នកដទៃជិះជាន់ក្តីស្រមៃ មើលស្រាល ឬបន្ទុចបង្អាក់ បំបាក់ទឹកចិត្ត ចូរកុំអស់សង្ឃឹម ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព សមត្ថភាពដែលអ្នកមាន បង្ហាញពួកគេឲ្យឃើញថាអ្នកពិតជាអាចធ្វើបានពិតប្រាកដមែន តួយ៉ាងដូចជាសាច់រឿងលោក Elon Musk ខាងលើឃើញជាក់នឹងភ្នែក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)