កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សេដ្ឋី Elon Musk ធ្លាប់បានប្រកាសថា ការទិញយកបណ្ដាញសង្គម Twitter គឺដើម្បីជួយពន្លឿនល្បឿននៃការបង្កើត X ដែលជាកម្មវិធីមានអ្វីៗគ្រប់យ៉ាង។ ត្រង់ចំណុចនេះលោកមិនបានបញ្ជាក់ច្បាស់ៗថា X គឺជាអ្វីឱ្យប្រាកដនោះទេ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែលេចឮព័ត៌មានថា សេដ្ឋីរូបនេះកំពុងប្រឡូកខ្លួនចូលទៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តឆ្លាតវៃ AI ម្ដងទៀត ពោលគឺបង្កើត X.AI ដើម្បីចេញមកប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដែលខ្លួនធ្លាប់ចូលរួមបង្កើតគឺ OpenAI ដែលកំពុងតែធ្វើឱ្យពិភពលោកបោះពួយចំណាប់អារម្មណ៍ចំពោះ Chat GPT ដែលឆ្លាតវៃអាចឆ្លើយសំណួរដែលមនុស្សចោទសួរបានល្អបំផុត។ តើអាចទេដែលការបង្កើត X ដែលលោកធ្លាប់បង្ហើបនោះគឺជា X.AI?
រំលឹកទៅកាន់អតីតកាលបន្តិច ដើមឡើយក្រុមហ៊ុន OpenAI គឺមានសេដ្ឋី Elon Musk ជាសហស្ថាបនិក ប៉ុន្តែលោកបែរជាចាកចេញពី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះវិញនៅក្នុងឆ្នាំ២០១៨។ ចំពោះមូលហេតុនៃការចាកចេញគឺ ព្រោះតែលោកចង់ផ្ដោតលើការដឹកនាំក្រុមហ៊ុនយក្សរបស់ខ្លួន Tesla & SpaceX ប៉ុន្តែក៏មានប្រភពមួយចំនួនបានបង្ហើបថា មកពីកត្តាជម្លោះផលប្រយោជន៍មួយចំនួនរវាងក្រុមហ៊ុននេះ និងក្រុមហ៊ុនរថយន្តអគ្គីសនី Tesla ផងដែរ។
OpenAI ត្រូវបានបង្កើតឡើងជាប្រភពបើកចំហរ (ដែលនេះជាមូលហេតុដែលដាក់ឈ្មោះវាថា OpenAI) ដែលជាក្រុមហ៊ុនមិនរកប្រាក់ចំណេញ ដើម្បីបម្រើជាឧបករណ៍ទប់ទល់នឹង Google ប៉ុន្តែឥឡូវនេះវាបានក្លាយជាប្រភពបិទជិត ហើយក្រុមហ៊ុនដែលរកប្រាក់ចំណេញអតិបរមាគឺគ្រប់គ្រងដោយ Microsoft ទៅវិញ នេះមិនមែនជាអ្វីដែលខ្ញុំប្រាថ្នាទាល់តែសោះ នេះបើតាមប្រសាសន៍របស់សេដ្ឋីរូបនេះ។
កាលពីមុន លោកក៏ធ្លាប់ព្រមានថា Chat GPT គឺគួរឱ្យខ្លាច ហើយយើងស្ថិតនៅមិនឆ្ងាយពីគ្រោះថ្នាក់ ដែលបណ្ដាលមកពី AI ខ្លាំងនោះទេ។ Musk បាននិយាយថា "វាទាំងវិជ្ជមាន ឬអវិជ្ជមាន ហើយមានការជោគជ័យដ៏អស្ចារ្យ សមត្ថភាពដ៏អស្ចារ្យ" ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «វានឹងមានគ្រោះថ្នាក់ខ្លាំង»។ អាស្រ័យហេតុនេះ លោកចង់ស្នើរឱ្យមនុស្សគួររៀបចំបទបញ្ញត្តិឱ្យបានត្រឹមត្រូវដើម្បីគ្រប់គ្រង AI ឱ្យមានសុវត្ថិភាពផងដែរ។
ក្រឡែកមកមើលបច្ចេកវិទ្យា X.AI គឺគ្រោងនឹងលក់ភាគហ៊ុនដើម្បីប្រមូលទុនតម្លៃ១០០ លានសម្រាប់ក្រុមហ៊ុនឯកជន។ បន្ថែមពីនោះ Musk គឺជានាយកតែមួយគត់នៃក្រុមហ៊ុនថ្មីនេះ។ បើយោងតាមកាសែត Financial Times បានចុះផ្សាយអំពីចេតនារបស់ Musk ក្នុងការចាប់ផ្តើមក្រុមហ៊ុន AI ថ្មីនេះ គឺបានអះអាងថា Musk បាននឹងកំពុងប្រមូលផ្តុំក្រុមអ្នកស្រាវជ្រាវ និងវិស្វករ AI ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីជ្រើសរើសបុគ្គលិកពូកែពីក្រុមហ៊ុនAI ឈានមុខគេដូចជា DeepMind ដែលគ្រប់គ្រងដោយ Alphabet ថែមទៀតផង។
តាមប្រភពដដែលបានបញ្ជាក់ថា Musk បានពិភាក្សាជាមួយវិនិយោគិនជាច្រើននៅក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីការគាំទ្រការចាប់ផ្តើមអាជីវកម្ម AI ថ្មីរបស់គាត់។ ក្នុងនោះដែរ ក៏មានអ្នកជំនាញបានប្រាប់កាសែត Financial Times ថា «មនុស្សមួយក្រុមកំពុងវិនិយោគលើវា ... វាជាការពិត ហើយពួកគេរំភើបអំពីវាខ្លាំងណាស់»។
ថ្វីត្បិតតែមិនទាន់មានព័ត៌មានលម្អិតអំពី ផលិតផល ឬសេវាកម្មរបស់ X.AI មានអ្វីខ្លះ មានចំណុចខុសប្លែកពីក្រុមហ៊ុន OpenAI យ៉ាងណាខ្លះក៏ដោយ ប៉ុន្តែមុខងារដូច Chat GPT ប្រហែលជាសេដ្ឋីរូបនេះមិនបោះបង់នោះដែរ ព្រោះវាជាអ្វីដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងចំពោះមុខងារបច្ចេកវិទ្យា AI មួយនេះ។
ជារួមមកវិញថ្វីត្បិតតែបច្ចេកវិទ្យាទំនើប ផ្ដល់នូវគុណសម្បត្តិជាច្រើនសម្រាប់មនុស្សជាតិ ប៉ុន្តែវាក៏មានគុណវិបត្តិដើរទន្ទឹមគ្នាផងដែរ ជាពិសេសចំពោះមនុស្សដែលដើរមិនទាន់ភាពរីកចម្រើននៃបច្ចេកវិទ្យា។ ជាក់ស្ដែងអ្វីដែលមនុស្សភាគច្រើនព្រួយបារម្ភអំពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺការដែលវាបញ្ជូនព័ត៌មានខុស ការដែលវាអាចបំប្លែងកូដនិងអាចធ្វើរឿងនានាដោយស្វ័យប្រវត្តិ ដែលមនុស្សមិនអាចគ្រប់គ្រងបាន និងការប៉ះពាល់លើការដណ្ដើមការងារមនុស្ស រួមនិងបញ្ហាមួយចំនួនផ្សេងទៀត៕ រៀនគំនិតរកស៊ីទីនេះ ( https://t.me/LongVathanakOfficial )