ត្រឹមតែ១០ថ្ងៃ សេដ្ឋី Elon Musk របូតទ្រព្យអស់ជាង៤១ពាន់លានដុល្លារដោយសារតែក្រុមហ៊ុនTesla
Toeuy HongOCTOBER 31 20231.2 K views

ទ្រព្យរបស់សេដ្ឋី Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla បានធ្លាក់ចុះក្រោម២០០ពាន់លានដុល្លារចាប់តាំងពីខែមិថុនាឆ្នាំ២០២៣នេះក្រោយពីក្រុមហ៊ុនឡានអគ្គិសនីTesla បានចេញរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី៣នៃឆ្នាំ២០២៣នេះ។

 

បើយោងតាមការចុះផ្សាយរបស់  Business Insider បានឲ្យដឹងថារបាយការណ៍ត្រីមាសទី៣របស់ Tesla បានបង្ហាញថាចំណូលTeslaបានធ្លាក់ចុះ ខុសពីការរំពឹងទុកនិងការព្យាករដែលធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃយ៉ាងខ្លាំង។ ជាក់ស្ដែងនៅអំឡុងថ្ងៃទី២០ខែតុលានេះ ពេលTesla ចេញរបាយការណ៍បង្ហាញថាប្រាក់ចំណូលធ្លាក់ចុះបានធ្វើឲ្យភាគហ៊ុនTesla បានធ្លាក់ចុះប្រមាណ១០%។

 

នៅថ្ងៃម្សិលមិញនេះភាគហ៊ុនរបស់ Tesla បានបន្តធ្លាក់ចុះប្រមាណជា៥%ថែមទៀតដែលធ្វើឲ្យភាគហ៊ុនក្រុមហ៊ុននេះធ្លាក់មកត្រឹម១៩៧ដុល្លារក្នុងមួយហ៊ុនគិតត្រឹមថ្ងៃនេះ។ មុនTesla ចេញរបាយការណ៍ ទ្រព្យសម្បត្តិសរុបរបស់ Elon Musk មានប្រមាណជា២៣៤ពាន់លានដុល្លារប៉ុន្ដែក្រោយពីTesla បានចេញរបាយការណ៍ធ្វើឲ្យទ្រព្យរបស់លោកធ្លាក់មកត្រឹម១៩៣ពាន់លានដុល្លារអាមេរិក។ បើទោះបីជាទ្រព្យរបស់លោកធ្លាក់ចុះដោយសារតែភាគហ៊ុនTeslaធ្លាក់ចុះពិតមែនប៉ុន្ដែលោកនៅតែរក្សាតំណែងជាសេដ្ឋីមានបំផុតក្នុងលោកដដែល។

 

គួរបញ្ជាក់ផងដែរថាទ្រព្យរបស់Elon Musk ឡើងដល់២០០ពាន់លានដុល្លារជាលើកដំបូងកាលពីឆ្នាំ២០២១ ហើយធ្លាប់ហក់ខ្ពស់បំផុតដល់៣៤០ពាន់លានដុល្លារនៅចុងខែវិច្ឆិកាឆ្នាំ២០២១ ហើយទ្រព្យរបស់លោកតែងតែប្រែប្រួលចុះឡើងទៅតាមភាគហ៊ុនឡើងចុះរបស់Tesla៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia