ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចអាម៉េរិកអាចនឹងដាំក្បាលចុះ ក្រោយការដាក់គោលនរយោបាយពន្ធគយថ្មីលើប្រទេសជាដៃគូ លុះត្រាតែធនាគារកណ្តាល (Fed) ព្រមទម្លាក់អត្រាការប្រាក់។ នេះបើយោងតាមការឲ្យដឹងពី Reuters នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥។
លោក Donald Trump បានបង្ហោះនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា៖ «ជាមួយនឹងការចំណាយទាំងនេះមាននិន្នាការធ្លាក់ចុះយ៉ាងខ្លាំង វាស្ទើរតែគ្មានអតិផរណា ប៉ុន្តែវាអាចមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ប្រសិនបើលោក Jerome Powell ដែលជាអ្នកចាញ់ដ៏ធំម្នាក់ មិនព្រមកាត់បន្ថយអត្រាការប្រាក់ឥឡូវនេះ»។
ក្នុងនោះប្រធានាធិបតី Donald Trump ក៏បានសង្កត់ធ្ងន់ផងដែរថា មនុស្សជាច្រើនកំពុងអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ដោយការប្រុងប្រយ័ត្ន ខណៈបច្ចុប្បន្នសហរដ្ឋអាម៉េរិកស្ទើរតែគ្មានអតិផរណា ហើយតម្លៃថាមពល និងផលិតផលផ្សេងទៀតភាគច្រើនកំពុងធ្លាក់ចុះ។
គួរជម្រាបថា ធនាគារកណ្តាល (Fed) នឹងបើកកិច្ចប្រជុំពិភាក្សាគ្នានៅថ្ងៃទី ៦-៧ ខែឧសភា ខាងមុខនេះ ហើយត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងរក្សាអត្រាការប្រាក់គោលឲ្យស្ថិតនៅចន្លោះពី ៤.២៥% ទៅ ៤,៥០% ដូចនាពេលបច្ចុប្បន្ន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook