រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃនេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន។ ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងគម្រោងនេះ ក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យកាន់តែងាយស្រួល។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អតិថិជនក្នុងការទិញផ្ទះ ដោយបានពង្រីកលក្ខខណ្ឌមានសិទ្ធិក្នុងការទិញអចលនទ្រព្យរបស់អតិថិជន បានទាំងជនជាតិខ្មែរ និងជនបរទេស។ លើសពីនេះកិច្ចព្រមព្រៀងនេះ ជួយសម្រួលដល់ជម្រើសហិរញ្ញប្បទានរយៈពេលវែង ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ដែលអាចបត់បែនបានរហូតដល់ ២០ឆ្នាំ ដែលហេតុនេះ អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យ។ អ្នកខ្ចីប្រាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាមាត្រខ្ពស់នៃប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យរហូតដល់៩០% ដែលកាត់បន្ថយប្រាក់កក់ដំបូងបានច្រើនជាងមុន ហើយអតិថិជនអាចសងផ្តាច់ ឬសងប្រាក់ដើមមួយផ្នែក នៅពេលណាក៏បាន ដោយគ្មានរយៈពេលហាមឃាត់ ឬការពិន័យឡើយ ។ បន្ថែមពីលើភាពទាក់ទាញផ្នែកហិរញ្ញវត្ថុ ក៏ធានានូវការផ្តល់ជូនអត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង នឹងធ្វើឱ្យអតិថិជន មានលទ្ធភាពច្រើនក្នុងការទិញផ្ទះនៅក្នុងគម្រោងនេះ។
ដំណើរការនៃការស្នើប្រាក់កម្ចី ក៏នឹងត្រូវបានធ្វើឱ្យងាយស្រួលផងដែរ ដំណើរការវាយតម្លៃឥណទានរហ័ស និងសាមញ្ញ ជាមួយនឹងតម្រូវការឯកសារច្បាស់លាស់ អតិថិជននឹងទទួលបាននូវបទពិសោធន៍ល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងក្រោយ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានកម្ចីទិញផ្ទះដ៏ទូលំទូលាយដោយផ្ទាល់ ដល់អតិថិជនរបស់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន នេះតែម្តង។
កិច្ចសហប្រតិបត្តិការ រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ និងជំរុញកំណើននៅក្នុងវិស័យអចលនទ្រព្យផងដែរ។ តាមរយៈការផ្តល់ជូននូវជម្រើសហិរញ្ញប្បទានដ៏ទាក់ទាញ និងងាយស្រួលសម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកលំនៅដ្ឋាន និងឱកាសវិនិយោគប្រកបដោយគុណភាព។
តំណាងមកពីធនាគារ អេស ប៊ី អាយ លី ហួរ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញពីការសាទរចំពោះភាពជាដៃគូនេះ និងសក្តានុពលរបស់ខ្លួន ដើម្បីសម្រេចក្តីក្តីសុបិន្តមានផ្ទះផ្ទាល់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏មានសក្តានុពលមួយនេះ។
អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក៖
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូរដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរវេរលុយ ចំនួនជាង៣០០០កន្លែង នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជន។ ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram និងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងស្របទៅតាមតម្រូវការរបស់អតិថិជន។
អំពីក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស
ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញលឿនរហស័ និងបដិសណ្ឋារកិច្ច ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ។ ក្នុងវិស័យដឹកជញ្ជូន ក្រុមហ៊ុន វិរៈ ប៊ុនថាំ ផ្តល់ជូននូវរថយន្តក្រុងទំនើបៗ រថយន្តជួលប្រណិតៗ និងទូកល្បឿនលឿន ដែលធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងសេវាកម្មដឹកជញ្ជូន ក្រុមហ៊ុនផ្តល់ជូននូវសេវាបញ្ញើទំនិញ លឿន រហស័ និងទាន់ចិត្ត ដែលគ្របដណ្ដប់ក្នុងប្រទេសកម្ពុជា និងសេវាកម្មបញ្ញើអន្តរជាតិ ទៅមក វៀតណាម ថៃ និងឡាវ។ លើសពីនេះក្នុងវិស័យបដិសណ្ឋារកិច្ច ក្រុមហ៊ុននៅតែបន្តពង្រីកផលប័ត្ររបស់ខ្លួនដែលរួមមានសណ្ឋាគារ និងរីសត ដោយផ្តល់ជូននូវការស្នាក់នៅលំដាប់ស្តង់ដា និងសេវាកម្មកម្រិតខ្ពស់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។