ដំណឹងល្អ! ផ្លូវជាតិ ៣ ខ្សែប្រវែងសរុបជាង ២០០ គីឡូម៉ែត្រគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២៩ មេសា
Bunthoeun KoemAPRIL 23 2025304 views

ប្រសិនជាពុំមានការប្រែប្រួលទេ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងជាង២០០គីឡូម៉ែត្រ សាងសង់​ក្រោមឥណទានសម្បទានពី​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

 

492206349 993833682927626 537901790210382999 N

 

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិទាំង ៣ ខ្សែខាងលើ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ ។

 

កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យទៅលើវឌ្ឈនភាពនៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

 

សូមបញ្ជាក់ផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ មានប្រវែងសរុប ២០១,៣៨ គីឡូម៉ែត្រ។ គម្រោងផ្លូវទាំង ៣ ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន CRBC ដោយក្នុងនោះផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខណៈផ្លូវជាតិលេខ៤ បើកការដ្ឋានកាលពីថ្ងៃទី២៦ ធ្នូ ២០២២៕

 

 

Cpm N R33a 071120244 1024x538

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia